ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អញ្ជើញសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ២ជាន់ ១០បន្ទប់ នៅវិទ្យាល័យល្វា ស្រុកព្រៃឈរ

ចែករំលែក៖

ខេត្តកំពង់ចាម៖ រសៀលថ្ងៃសៅរ៍ ៥រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត តំណាងសម្តេចបវរធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការនូវអគារសិក្សា ១ខ្នង ២ជាន់ ១០បន្ទប់ នៅវិទ្យាល័យល្វា ស្រុកព្រៃឈរ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារ សិក្សា ១ខ្នង កម្ពស់២ជាន់ ១០បន្ទប់ នៅវិទ្យាល័យល្វា ស្ថិតក្នុងឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ។ 

ក្នុងឱកាសនោះ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តាសុខសន្តិភាព និងការអភិវឌ្ឍរីកចំរើនរបស់សង្គមជាតិ គួបផ្សំនឹងការយកចិត្តទុកដាក់ពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស វិស័យអប់រំនៅក្នុងខេត្តកំពង់ចាម បច្ចុប្បន្ន មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ខេត្តមានគ្រឹះស្ថានសិក្សា ចំនួន ៥៤២កន្លែង ឃុំ-សង្កាត់មួយ មាន អនុវិទ្យាល័យ ១កន្លែង មានចំនួន ១០៨ឃុំ -សង្កាត់ លើក១០៩ឃុំសង្កាត់ ស្មើនឹង៩៩% ។ 

លោក អ៊ុន ចាន់ដា បានបន្តថា ខេត្តកំពង់ចាម មានបុគ្គលិកសិក្សាចំនួន ៧.៦៣៥នាក់ ស្រី ៤.២១៧ នាក់ មានអគារសិក្សា សរុបចំនួន ១.២២៩ខ្នង ស្មើនឹង ៧.០៣៦បន្ទប់ ក្នុងនោះអគារសិក្សា ទីចាត់ការ និងអគារស្នាក់នៅដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត មានចំនួន ៣៨៤ខ្នង ស្មើនឹង ២.៤៣១ បន្ទប់ (អគារកម្ពស់ ៣ជាន់ មានចំនួន ១៦ អគារ) រួមនឹងទីចាត់ការ ២៣ខ្នង អគារកាត់ដេរចំនួន ១២ខ្នង។ ដោយឡែកនៅស្រុកព្រៃឈរ មានសាលារៀន ចំនួន ៧៨កន្លែង ក្នុងនោះបឋមសិក្សាចំនួន ៥៩កន្លែង អនុវិទ្យាល័យ មាន ១២កន្លែង វិទ្យាល័យមាន ៥កន្លែង និងមត្តេយ្យសិក្សាសាធារណៈ ចំនួន ២កន្លែង។ អគារសិក្សាមានចំនួន ២១៤ខ្នង ស្មើនឹងចំនួន ៩៧៩បន្ទប់ ។ 

ថ្លែងក្នុងឱកាសនោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសាកសួរសុខទុកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ជូន ចំពោះលោកយាយ លោកតា ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជេីញមកចូលរួមសម្ពោធសមិទ្ធផលថ្មីនេះ ។ 

ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក ក៏បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្តកំពង់ចាម ដែលបានរួមគ្នាធ្វើការអភិវឌ្ឍន៍គ្រប់វិស័យក្នុងខេត្ត ឱ្យមានការរីក ចម្រើនយ៉ាងឆាប់រហ័ស ជាក់ស្ដែងការចូលរួមកសាងនូវអគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ មានចំនួន ១០ បន្ទប់ ដើម្បីបំពេញសេចក្តីត្រូវ ការរបស់ក្មួយៗសិស្សានុសិស្សវិទ្យាល័យល្វា ស្រុកព្រៃឈរ និងសមិទ្ធផលមួយចំនួនទៀត ព្រមទាំងបានលើកទឹកចិត្តដល់សិស្សានុសិស្ស ឱ្យពុះពារខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដេីម្បីទទួលបានជោគជ័យក្នុងឆាកជីវិតទៅថ្ងៃអនាគតផងដែរ ៕

ដោយ៖ សូរិយា


ចែករំលែក៖