ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកំពង់ស្ពឺ ស្ដីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត(ក្មេងទំនើងចំនួន ២នាក់) កើតឡើងនៅភូមិក្បៀរ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ សាលាដំបូងខេត្តកំពង់ស្ពឺ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ១៣២៤ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ដែលមានជនត្រូវចោទឈ្មោះ ម៉េត ប៊ុនណេត ភេទប្រុស និងឈ្មោះ ឡេន វុត្ថា ហៅ ពែក ភេទប្រុស ត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅភូមិកៀរ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។

អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ សូមបញ្ជាក់ថា ចំពោះករណីខាងលើនេះ មានអង្គហេតុកើតឡើង កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ២ និង ០០ នាទី ព្រឹក រំលងអាធ្រាត ស្ថិតនៅភូមិកៀរ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានបង្ក្រាបករណី កាន់កាប់អាវុធដោយគ្មាន ការអនុញ្ញាត ដោយឃាត់ខ្លួនបានជនត្រូវចោទ ឈ្មោះ ម៉េត ប៊ុនណេត និងឈ្មោះ ឡេន វុត្ថា ហៅ ពែក ដោយដកហូត បានកាំបិតផ្គាក់ចំនួន ១ (មួយ) ដើម និងម៉ូតូ ១ (មួយ) គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ គ្មានផ្អាក លេខ។ មុនពេលកើតហេតុជនត្រូវចោទទាំងពីរនាក់ខាងលើ បានជិះម៉ូតូឌុបគ្នាដើររករលួចទ្រព្យសម្បត្តិអ្នកដទៃ តែគាប់ ជួនក៏បានជួបជាមួយសមត្ថកិច្ចកំពុងល្បាត បានហៅឃាត់ឆែកឆេររកឃើញកាំបិតផ្គាក់មួយដើម ដែលជនត្រូវចោទ ឈ្មោះ ម៉េត ប៊ុនណេត កំពុងកាន់ឱបជាប់នឹងដៃ ទើបសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនត្រូវចោទទាំងពីរនាក់តែម្តង។ បន្ទាប់ពីបានបង្ហាញខ្លួនចំពោះមុខចៅក្រមស៊ើបសួរ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ ម៉េត ប៊ុនណេត និងឈ្មោះ ឡេន វុត្ថា ហៅ ពែក នៅពន្ធនាគារខេត្តកំពង់ស្ពឺ ដើម្បីបន្តការ ស៊ើបសួរតាមនីតិវិធីច្បាប់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មានតាមការគួរ៕

 

ដោយ ៖ សិលា


ចែករំលែក៖