ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិន១៦នាក់ត្រូវសមត្ថកិច្ចជំនាញអន្តោប្រវេសន៍ខេត្តព្រះវិហារឃាត់ខ្លួនបានចំណែកអ្នកផ្សេងទៀតបានរត់គេចខ្លួនរួចតាមរថយន្ដទំនើបទៅផុត

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ជនជាតិចិនចំនួន ១៦នាក់ត្រូវបានកម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងអធិការដ្ឋានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់យកមកកសាងសំណុំរឿងចាត់ការបន្តតាមនីតីវិធី។

ការឃាត់ខ្លួនជនជាតិចិននេះធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ និងបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី តាន់ គឹមលេង ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ធ្វើការបង្ក្រាបករណីលួចឆ្លងដែនដោយខុសច្បាប់បានចំនួន០២ករណី។

ករណីទីមួយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្តបានធ្វើការឃាត់រថយន្តម៉ាកCAMRY ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AG-8442 ដែលមានដឹកជនជាតិចិន ចំនួន ០៤នាក់ ប្រុស (ដែលពុំមានលិខិតឆ្លងដែន) នៅលើផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ករណីទី២នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ សហការជាមួយកកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារបាន ឃាត់ខ្លួនជនជាតិចិនចំនួន១២នាក់ ប្រុស (ពុំមានលិខិតឆ្លងដែន) ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

បើតាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ៖ នៅជាប់មាត់ទន្លេកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ ដែលមានព្រំប្រទល់ជាប់នឹងខេត្តចំប៉ាសាក់ ប្រទេសឡាវ មានផ្ទះមួយកន្លែងបាំងស័ង្កសីជិត ដែលទទួលជនជាតិចិនលួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជាហើយបានដឹកជញ្ជូនបន្តតាមរថយន្តទេសចរណ៍១៥កៅអីមួយគ្រឿងជារថយន្ដប្រភេទទំនើប កញ្ចក់ខ្មៅ ឆ្លងកាត់ខេត្តព្រះវិហារ និងឆ្លងកាត់ស្រុកជ័យសែន បន្តតាមផ្លូវជាតិលេខ៦២ ទៅរាជធានីភ្នំពេញ និងអាចបន្តដល់ខេត្តព្រះសីហនុតែម្ដង ។

ប្រជាពលរដ្ឋបានសម្ដែងនូវការព្រួយបារម្ភផងដែរថា រថយន្ដដែលដឹកជញ្ជូនជនជាតិចិនខុសច្បាប់នោះបើកបរក្នុងល្បឿនលឿនៗខ្លាំងណាស់ និងអាចបង្កជាគ្រោះថ្នាក់នៅតាមដងផ្លូវជាយថាហេតុណាមួយក៏ថាបាន៕ដោយ ជីវ័ន្ត


ចែករំលែក៖