ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀន នៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង២២ និង១០នាទី បានចុះប្រតិបត្តិការបង្ក្រាបបានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុចភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ វង្ស ស្រីខួច ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង និង២-ឈ្មោះ ជុំ បូរ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

វត្ថុតាងដកហូតបានរួមមាន ៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង់ ទម្ងន់ ៩៧,០០ក្រាម (ថ្នាំសុទ្ធ) ។

-ទូរស័ព្ទដៃចំនួន ០២គ្រឿង ។

-ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឃ្លីក ពណ៌ខ្មៅ សេរីឆ្នាំ២០២១ (គ្មានពន្ធ) ពាក់ផ្លាកលេខក្លែងក្លាយ បន្ទាយមានជ័យ 1V-5648 ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕អរុណរះ


ចែករំលែក៖