ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ដ្រី ឌិត ទីណា បង្ហាញ​ទស្សនវិស័យចង់ឃើញសហគមន៍កសិកម្មទំនើបស្រូវនាងអំ បន្តថែរក្សាដីព្រៃ ដែលជាផ្នែកមួយនៃការថែរក្សាបរិស្ថាន ទាក់ទាញទឹកភ្លៀង និងឈានទៅធ្វើកសិរុក្ខកម្ម

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ លោក​ ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ បានបន្តដំណើរទៅកាន់ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ​ ដើម្បីពិនិត្យ និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបស្រូវនាងអំ។ 

 សហគមន៍កសិកម្មទំនើបស្រូវនាងអំ គឺជាសហគមន៍កសិកម្មទំនើបដំបូងគេដែលបង្កើតឡើង បន្ទាប់ពីរាជរដ្ឋាភិបាលអាណត្តិទី៧ ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយអាទិភាពទី៥ និងទី៦ កាលពីចុងឆ្នាំ២០២៣។ មានសមាជិកសរុប៦៧នាក់ សហគមន៍ទំនើបស្រូវនាងអំលាតសន្ធឹងលើផ្ទៃដី ៧២៨ហិកតា ក្នុងនោះ ៦៩៣ហិកតា ជាផ្ទៃដីដែលអាចធ្វើស្រូវបាន និង៣៥ហិកតា ជាដីរក្សាព្រៃ។

 បន្ទាប់ពីបានស្ដាប់របាយការណ៍របស់ប្រធានសហគមន៍ លោករដ្ឋមន្ដ្រី បានសម្ដែងការកោតសរសើរនិងលើកទឹកចិត្តដល់សហគមន៍ ដែលបានប្រឹងប្រែងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចងក្រងប្រជាកសិករ ទៅជាសហគមន៍បែបទំនើប។ សហគមន៍កសិកម្មទំនើបដែលប្រមូលផ្ដុំកម្លាំងនិងធនធាន អនុវត្តការដាំដុះស្រូវដោយមានផែនការច្បាស់លាស់ មានការសម្របសម្រួលគាំទ្របច្ចេកទេស ទុន និងទីផ្សារ ពីសំណាក់ក្រសួង។

 ក្រៅពីផលិតកម្មស្រូវ លោករដ្ឋមន្ដ្រីបានលើកឡើងនូវទស្សនវិស័យដែលចង់ឃើញសហគមន៍កសិកម្មទំនើបស្រូវនាងអំ បន្តថែរក្សាដីព្រៃ ដែលជាផ្នែកមួយនៃការថែរក្សាបរិស្ថាន ទាក់ទាញទឹកភ្លៀង និងឈានទៅធ្វើកសិរុក្ខកម្ម ដើម្បីធ្វើយ៉ាងណាទាញយកប្រយោជន៍ឱ្យបានជាអតិបរិមាជូនដល់ប្រជាជននៅក្នុងតំបន់ ដោយមិនប៉ះពាល់ដល់ព្រៃឈើនិងបរិស្ថាន៕

ដោយ​៖ តារា​


ចែករំលែក៖