ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិអប្សរា បន្តការងារជួសជុលទបង្ហូរទឹក នៅផ្នែកខាងជើង នៃប្រាសាទនាគព័ន្ធ បន្ទាប់ពីបញ្ចប់ការជួសជុលទបង្ហូរទឹក ផ្នែកខាងកើតរួចមក

ចែករំលែក៖

ខេត្តសៀមរាប៖ កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុលទបង្ហូរទឹក ផ្នែកខាងកើត ប្រាសាទនាគព័ន្ធ ក្នុងរយៈពេលជិត២ខែកន្លងមក កិច្ចការងារនេះបានបញ្ចប់ដោយជោគជ័យ និងកំពុងបន្តការងារជួសជុលទបង្ហូរទឹក ផ្នែកខាងជើងវិញម្តង។

លោក អ៊ិច ស្រេង ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចាប់ផ្តើមពីដើមខែសីហា ឆ្នាំ២០២៤មក ក្រុមការងារជំនាញ បានបន្តការជួសជុលទបង្ហូរទឹក នៅផ្នែកខាងជើងនៃប្រាសាទនាគព័ន្ធ ដើម្បីពង្រឹងរចនាសម្ពន្ធនៃទបង្ហូរទឹក ដែលប្រឈមនិងគ្រោះថ្នាក់ ឱ្យវារឹងមាំគង់វង្សយូរអង្វែងទៅមុខទៀត។

លោកថា មុននឹងចាប់ផ្តើមការជួសជុល អភិរក្ស ទបង្ហូរទឹកទាំងនោះ អ្នកជំនាញបានសិក្សាអំពីស្ថានភាពគ្រឹះ សម្រង់ប្លង់គោល របស់ទបង្ហូរទឹកនីមួយៗ ដើម្បីចង់ដឹងអំពីទំហំនៃភាពខូចខាត ទើបចាប់ផ្តើមជួសជុលដោយយកតាមលំនាំពីបុរាណ រក្សាអ្វីជាភាពដើមនៃសំណង់ ជ្រើសយកថ្មី មកជំនួសថ្មចាស់ ក្នុងកម្រិតទាបបំផុត រួចចាប់ផ្តើមជួសជុលពង្រឹងគ្រឹះខាងក្រោមនៃទបង្ហូរទឹកជាមុន ដោយសារមានសភាពទ្រុឌទ្រោមខ្លាំង ទើបបន្តទៅជួសជុលនៅផ្នែកជណ្តើរវិញម្តង។ ជាជំហានបន្ទាប់ ក្រុមការងារនឹងបន្តទៅជួសជុលទបង្ហូរទឹក ផ្នែកខាងលិច នៃប្រាសាទនាគព័ន្ធនេះ ដើម្បីធ្វើយ៉ាងណាឱ្យរចនាសម្ពន្ធរបស់ទបង្ហូរទឹក និងជណ្តើរ រួចផុតពីហានិភ័យ។

សូមជម្រាបថា អាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលពង្រឹងជណ្តើរខាងលិចនៃស្រះខាងកើត និងកម្រាលជុំវិញដំបូលទបង្ហូរទឹកខាងកើត ជួសជុលជណ្តើរខាងត្បូងនៃស្រះខាងជើង និងកម្រាលជុំវិញដំបូលទបង្ហូរទឹកខាងជើង ជួសជុលជណ្តើរខាងកើតនៃស្រះខាងលិច និងកម្រាលជុំវិញដំបូលទបង្ហូរទឹកខាងលិច នៃប្រាសាទនាគព័ន្ធ ដោយបចាប់ផ្តើមជួសជុលតាំងពីដើមខែឧសភា ឆ្នាំ២០២៤មក៕

ដោយ៖ សូរិយា


ចែករំលែក៖