ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងបរិស្ថានណែនាំឱ្យមន្រ្តីបន្តជំរុញភាពស្អាតលើដីពីយុទ្ធនាការឱ្យទៅជាចលនា និងឱ្យទៅជាទម្លាប់ឆ្ពោះទៅអនាគតកម្ពុជាស្អាត

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការជាបន្តបន្ទាប់ សំដៅធ្វើយ៉ាងណាឱ្យផ្ទះយើង សង្គមយើង ប្រទេសយើងមានភាពស្អាត។ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងពិធីជួបជុំគ្រួសារបរិស្ថាន ដើម្បីពិនិត្យលើលទ្ធផលឆ្នាំទី១និងទិសដៅឆ្នាំទី២ ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កាលពីរសៀលថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ ម្សិលមុិញបានប្រកាសបន្តអនុវត្តយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» សំដៅដល់ការទប់ស្កាត់ការប្រើប្រាស់ថង់ប្លាស្ទិកនៅកម្ពុជា ដែលនៅក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ បានទតយលជោគជ័យដោយ មនុស្សជាង ៩,៥លាននាក់ បានចូលរួមនិងបានប្តេជ្ញាចិត្តប្រើថង់ប្លាស្ទិកយ៉ាងតិច១ថ្ងៃក្នុង១សប្តាហ៍ និងពង្រីកចលនា«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលតម្រូវឱ្យមានការចូលរួម ចំណាយពេល ដើម្បីសម្អាត ជុំវិញបរិវេណផ្ទះ រោងចក្រសហគ្រាស សាលារៀន និងនៅតាមទីអារាមផងដែរ។

លោករដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ក្រសួងបរិស្ថានបាននិងកំពុងប្រែក្លាយពីចលនាធ្វើឱ្យកម្ពុជាស្អាត ចេញពីយុវជន កុមារៗ ទៅជាទម្លាប់គឺ «ទម្លាប់ស្អាត កម្ពុជាស្អាត» ដែលជាការអនុវត្តចេញពីបេះដូងរបស់សាធារណជន។ ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្រ្តីបរិស្ថានទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នា ក្នុងរយៈពេល១ឆ្នាំកន្លងមក ដោយសម្រេចលទ្ធផលគួរជាទីមោទនៈ និងសូមរួមគ្នាបន្តអនុវត្តសសរស្តម្ភ «ភាពស្អាត ភាពបៃតង និងចីរភាព» នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។ នៅក្នុងភាពស្អាតលើដី លោករដ្ឋមន្រ្តី ជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីបរិស្ថានទាំងអស់ បន្តសហការជាមួយអាជ្ញាធរគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ សិស្សានុសិស្ស យុវជន ព្រះសង្ឃ កម្មករកម្មការិនី និងប្រជាពលរដ្ឋ ដើម្បីអនុវត្តយុទ្ធនាការរបស់ក្រសួងបរិស្ថាន ឱ្យទៅជាចលនា និងប្រែក្លាយឱ្យទៅជាទម្លាប់ នៅក្នុងពេលខាងមុខ។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ពីការយកចិត្តទុកដាក់លើការសំអាតសំរាមប្លាស្ទិកនៅតាមដងផ្លូវនានា ដើម្បីផ្ទះស្អាត ជុំវិញផ្ទះស្អាត តាមដងផ្លូវស្អាត។ ជាមួយគ្នានេះ លោកបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍លើកទឹកចិត្ត ឱ្យរៀបចំផ្តល់រង្វាន់លើកទឹកចិត្តដល់ក្រុង ស្រុកណា ដែលគ្មានសំរាមប្លាស្ទិកហើរតាមផ្លូវ ហើយជាពិសេសគឺប្តេជ្ញារួមសហការគ្នា សំអាតបរិស្ថាន សំរាមប្លាស្ទិក ឱ្យអស់ពីផ្លូវនៅក្នុងឆ្នាំ២០២៥។

នៅក្នុងពេលខាងមុខ ក្រសួងបរិស្ថាននឹងរៀបចំគិតគូរដាក់ចេញនូវយុទ្ធនាការញែកសំរាម ក្នុងនោះមានកម្មវិធីចែកធុងសំរាម តាមសាលារៀន វត្តអារាម មណ្ឌលសុខភាព ទីសាធារណៈ។ល។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ចាក់ថា យុទ្ធនាការជំហានបន្ទាប់ គឺសិស្សានុសិស្ស និងប្រជាពលរដ្ឋ ចេះទុកដាក់សំរាមក្នុងធុងសំរាម និងចេះញែកសំរាមប្លាស្ទិក ជាពិសេសអនុវត្តវិធានការ៤R (កាត់បន្ថយ ប្រើប្រាស់ឡើងវិញ បដិសេធ និងកែច្នៃជារបស់ប្រើប្រាស់)។ លើសពីនេះ ក្រសួងបរិស្ថាននឹងពង្រឹងបន្ថែមលើគុណភាពបរិស្ថានប្រកបដោយប្រសិទ្ធ ជាពិសេស ហេដ្ឋារចនាសម្ប័ន្ធទីលានទុកដាក់សំរាម ប្រកបដោយគុណភាព៕

ដោយ ៖ សិលា


ចែករំលែក៖