ខេត្តកំពត ៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចុះពិនិត្យផ្ទាល់ក្នុងការដំឡើងមុខនាឡិកាដែលមានអង្កត់ផ្ចិតជិត១០ ម៉ែត្រ។ សមិទ្ធផលថ្មីរបស់ខេត្តកំពត នូវនាឡិកាខ្នាតធំ ដែលកម្ពស់ ៣៥ម៉ែត្រ នឹងដំឡើងរួចរាល់ក្នុងថ្ងៃនេះ។
តាមការរំពឹងទុករបស់អាជ្ញាធរខេត្ត និងមន្ត្រីជំនាញថា ក្រោយពីនាឡិកានេះដំឡើងរួចរាល់ ខេត្តកំពតនឹងកាន់តែមានភាពទាក់ទាញ ហើយភ្ញៀវទេសចរនឹងមកលេងកម្សាន្តកាន់តែច្រើនជាងមុន ព្រោះសមិទ្ធផលនាឡិកាដែលខ្ពស់ជាងគេនេះ គឺជាសមិទ្ធផលថ្មីមួយទៀតបន្ទាប់ពីរូបសំណាកសេះសមុទ្របាញ់ទឹកដែលមានភាពទាក់ទាញ និងក៏ពុំដែលមាននៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតែងតែដាក់ចេញនូវគោលនយោបាយ ក៏ដូចជាកិច្ចចង្អុលការដោយផ្ទាល់ទៅកាន់អភិបាលរាជធានី-ខេត្ត ដែលជាខេត្តមានសក្តានុពលផ្នែកទេសចរណ៍ ត្រូវរៀបចំកែច្នៃ អភិវឌ្ឍន៍តំបន់ទេសចរណ៍ ក៏ដូចជាបង្កើតសមិទ្ធផលទេសចរណ៍ថ្មីៗដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។
ខេត្តកំពត ក្រោមកិច្ចចង្អុលការ និងដឹកនាំដោយផ្ទាល់ពីសំណាក់លោក ម៉ៅ ធនិន ជាអភិបាលខេត្ត បានចាត់ទុកវិស័យទេសចរណ៍ជាវិស័យចម្បង និងជាវស័យអាទិភាពក្នុងការអភិវឌ្ឍមុនគេ។ ជាក់ស្តែងក្នុងរយៈពេលកន្លងមក ក្រោយសមិទ្ធផលទេសចរណ៍ជាច្រើនបានលេចចេញជារូបរាង មានដូចជា៖ ឆ្នេរខ្សាច់កម្សាន្ត សួនហាត់ប្រាណ សួនលំហែ ពិសេសរូបសំណាកសេះសមុទ្របាញទឹក ក្នុងមួយសប្តាហ៍ៗខេត្តកំពតមានភ្ញៀវទេចរមកសម្រាកកម្សាន្តប្រមាណជាង ៥ម៉ឺននាក់៕
ដោយ ៖ សិលា