ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន៖ ក្នុងអំឡុងពេលថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយម សង្កេតឃើញមានក្រុមជនមួយចំនួនបានធ្វើ សកម្មភាពរំលោភបំពានតាមបណ្តោយដងស្ទឹងព្រែកត្នោតដូចជា ការចាក់ដីរំលោភចូលស្ទឹងព្រែកត្នោត ការរំលោភកាន់កាប់មាត់ច្រាំងស្ទឹងព្រែកត្នោត និងការរំលោភចូលដីចំណីស្ទឹងព្រែកត្នោត ដែលមានចម្ងាយ៣០ម៉ែត្រ ពីមាត់ ច្រាំងស្ទឹង។
ក្នុងអំឡុងពេលថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយម សង្កេតឃើញមានក្រុមជនមួយចំនួនបានធ្វើ សកម្មភាពរំលោភបំពានតាមបណ្តោយដងស្ទឹងព្រែកត្នោតដូចជា ការចាក់ដីរំលោភចូលស្ទឹងព្រែកត្នោត ការរំលោភ កាន់កាប់មាត់ច្រាំងស្ទឹងព្រែកត្នោត និងការរំលោភចូលដីចំណីស្ទឹងព្រែកត្នោត ដែលមានចម្ងាយ៣០ម៉ែត្រ ពីមាត់ ច្រាំងស្ទឹង។
ក្រសួងសូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា ដងស្ទឹងព្រែកត្នោត រួមទាំងមាត់ច្រាំង ស្ទឹង និងដីចំណីស្ទឹងចម្ងាយ៣០ម៉ែត្រ ពីមាត់ច្រាំងស្ទឹង គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលការពារដោយ រដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាទ្រព្យសម្បត្តិ ដែលត្រូវបានប្រើប្រាស់ជាប្រយោជន៍សាធារណៈ ហើយបុគ្គលមិនអាចយកមកធ្វើជាកម្មសិទ្ធិបានឡើយ ទោះបីជាខ្លួនបានចូលកាន់កាប់តាំងពីពេលណាមកក៏ដោយ (ពុំមានអាជ្ញាយុកាល)។
មាត្រា៨១ នៃច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ដែលប្រកាសឱ្យ ប្រើដោយព្រះរាជក្រមលេខ នស/រកម/១១២០/០៣០ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ចែងថា៖ រាល់អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ)ឆ្នាំ ដល់ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀល ដល់ ១០ ០០០ ០00 (ដប់លាន) រៀល”។
អាស្រ័យហេតុនេះ ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវដល់សាធារណជនទាំងអស់ចូលរួម ថែរក្សាការពារទ្រព្យសម្បត្តិរបស់រដ្ឋ ជាពិសេសដងស្ទឹងព្រែកត្នោត មាត់ច្រាំងស្ទឹង និងដីចំណីស្ទឹងចម្ងាយ៣០ម៉ែត្រពី មាត់ច្រាំងស្ទឹង ដែលជាប្រភពទឹកដ៏សំខាន់សម្រាប់បម្រើដល់ជីវិតមនុស្ស សត្វ និងរុក្ខជាតិ។ ក្រសួងក៏សូម អំពាវនាវដល់បងប្អូនដែលបានចូលកាន់កាប់មាត់ច្រាំងស្ទឹងព្រែកត្នោត និងដីចំណីស្ទឹងព្រែកត្នោតចម្ងាយ៣០ម៉ែត្រ ពីមាត់ច្រាំងស្ទឹង ដោយពុំបានដឹងអំពីបទប្បញ្ញត្តិច្បាប់ជាធរមាន សូមសហការរុះរើសំណង់ និងដកចេញដោយ ស្ម័គ្រចិត្តដើម្បីចូលរួមអនុវត្តគម្រោងរំដោះទឹកជំនន់ស្ទឹងព្រែកត្នោត។ ក្រសួងក៏សូមអំពាវនាវផងដែរដល់អាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសរដ្ឋបាលខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្តកណ្តាល និងរដ្ឋបាលរាជធានីភ្នំពេញ ចូលរួម សហការទប់ស្កាត់និងចាត់វិធានការតាមផ្លូវច្បាប់លើជនរឹងរូសដែលពុំព្រមសហការជាមួយអាជ្ញាធរ ហើយ នៅតែបន្តសកម្មភាពរំលោភប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ៕
ដោយ ៖ សិលា