មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដែលផ្តួចផ្តើមឡើងដោយ សម្តេចធិបតី ហ៊ុន ម៉ាណែតទទួលបានការគាំទ្រ និងចូលរួមយ៉ាងគគ្រឹកគគ្រេងពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេស ហើយបានក្លាយជាកម្លាំងសាមគ្គីជាតិដ៏ខ្លាំងក្លាមួយ ក្នុងដំណាក់កាលដែលកម្ពុជាកំពុងប្រឹងប្រែងឈានទៅមុខ ដើម្បីឈោងចាប់ឱកាសអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត។ មូលនិធិនេះ ក៏មានការគាំទ្រនិងយកចិត្តទុកដាក់ខ្ពស់ផងដែរ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសស្គាល់ថាជាស្ថាបនិកសន្តិភាពរបស់កម្ពុជា។ សម្តេចតេជោ តែងតែនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ហើយសម្តេចតែងតែគិតគូរពីការអភិវឌ្ឍន៍ប្រទេសជាតិគ្រប់វិស័យទាំងអស់ តាំងតែពីពេលដែលសម្តេចនៅជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសរហូតមកដល់ពេលនេះ ក៏សម្តេចនៅតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់។
គេអាចកត់សម្គាល់បានថា ចរន្តនៃការគាំទ្ររបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកជំនួញ បានចូលរួមបរិច្ចាគថវិកាទៅក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន បានកំពុងកើតមានឡើងយ៉ាងផុសផុលដូចទឹកបាក់ទំនប់។ នេះសបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋខ្មែរគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយអភិវឌ្ឍន៍តំបន់ព្រំដែន ដែលជាការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែល សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន គឺសម្រាប់កសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងអណ្តូងទឹក។ល។ នៅតាមភូមិថ្មីៗដែលរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅនិងតាំងទីលំនៅទីនោះ។ តាមការរំពឹងទុក ប្រជាជនដែលគ្មានដីនឹងទទួលបានដីសម្រាប់បង្កបង្កើនផលដែលមានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ ជាផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ។ល។ ជាងនេះទៅទៀត ខឿនការពារជាតិរបស់ប្រជាជនត្រូវបានពង្រឹង តាមរយៈប្រជាជនដែលរស់នៅតាមព្រំដែន ដែលជាព្រំដែនរស់ រឹងមាំជាងរបងបេតុងឬដែកច្រើនជាន់ និងល្អជាងការពង្រាយកងទ័ព និងអាវុធដើម្បីការពារទៅទៀត។
ការដាក់ចេញនូវមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនជាផ្លូវការរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យប្រជាពលរដ្ឋបានចូលរួមបរិច្ចាគ ក្នុងស្មារតីស្រលាញ់ជាតិទាំងអស់គ្នា ក្នុងនោះយើងឃើញចរន្តនៃការចូលរួមមានច្រើន និងពលរដ្ឋមានការសប្បាយចិត្តគ្រប់ៗគ្នា ទាំងមន្ត្រីរាជការ ទាំងកងកម្លាំងប្រដាប់អាវុធ ទាំងអ្នកជំនួញពោលគឺប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកទោះតិចក្តី ឬច្រើនក្តី ដោយស្ម័គ្រចិត្ត។ ការចូលរួមចំណែករបស់ប្រជាពលរដ្ឋមានអត្ថន័យធំធេងណាស់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែនឲ្យកាន់តែរីកចម្រើន ហើយកាលណាមានហេដ្ឋារចនាសម្ព័ន្ធរីកចម្រើន មានប្រជាពលរដ្ឋទៅរស់នៅទីនោះកាន់តែច្រើនឡើងៗ។ នេះគឺជារបងការពារដ៏រឹងមាំបំផុតនៅបូរណភាពទឹកដីរបស់យើង ដូចដែលសម្តេចធិបតី ក៏ដូចជា សម្តេចតេជោ ធ្លាប់បានបញ្ជាក់រួចហើយ។
គួររំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ តាមរយៈសារពិសេសអំពីសមទ្ធិផល១ឆ្នាំ របស់រាជរដ្ឋាភិបាល អាណិត្តិទី៧ នៃរដ្ឋសភា បានមានប្រសាសន៍ថា សម្តេចបានសម្រេចផ្តួចផ្តើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន គឺមានគោលដៅធំចំនួន២៖ ទី១. គឺកៀរគរថវិការបន្ថែម និងទី២. ផ្តល់ឱកាសឲ្យប្រជាពលរដ្ឋទូទាំងប្រទេស បានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល នៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅតាមបណ្តោយព្រំដែន ដោយផ្តោតការយកចិត្តទុកដាក់ទៅលើផ្លូវក្រវាត់ព្រំដែន ពោលគឺរួមគ្នានៅក្នុងការកសាង ការពារបូរណភាពទឹកដីរបស់យើង៕
ដោយ៖ សុខ សុវណ្ណ