ព័ត៌មានទាន់ហេតុការណ៍៖

គម្រោងចំនួន២៧ បន្ថែមទៀត ទទួលបានការលើកទឹកចិត្តពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤»

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ រដ្ឋបាលខេត្តព្រះសីហនុ​ នាព្រឹកថ្ងៃទី២៩​ ខែសីហា ឆ្នាំ២០២៤​នេះ​ បានឱ្យដឹងថា​ ​លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំពិភាក្សា និងវាយតម្លៃ​លើការស្នើសុំការលើកទឹកចិត្ត និងអនុគ្រោះនានា ចំនួន២៨ ដែលស្ថិតនៅក្រោមវិសាលភាពរបស់ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហុីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រសួងសេដ្ឋកិច្ច​​ និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបើកកិច្ចពិភាក្សា វាយតម្លៃ ភាពសមស្រប លក្ខណៈសម្បត្តិ និងពិនិត្យលទ្ធភាពក្នុងការអនុម័តផ្តល់ «អត្ថប្រយោជន៍ពិសេស» ដែលនឹងជួយបង្កើនសកម្មភាពធុរៈកិច្ច និងវិនិយោគក្នុងខេត្តបន្ថែមទៀត។

ជាលទ្ធផល, គម្រោងចំនួន២៧ ទទួលបានការឯកភាពជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តមួយចំនួនដោយផ្អែកទៅតាម ចរិតលក្ខណៈ និងការវិនិច្ឆ័យកំណត់ដោយក្រុមការងារអន្តរក្រសួង និងស្ថាប័ន។

សូមជម្រាបថា គម្រោងដែលត្រូវបានប្រជុំពិភាក្សាខាងលើ បានដាក់ពាក្យស្នើសុំតាមរយៈ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលមានអាសយដ្ឋាននៅ ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងន័យនេះ, សូមធុរជន និង វិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» ខាងលើ អញ្ជើញមកដាក់ពាក្យសុំ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារ ពិនិត្យ, វាយតម្លៃ និង ផ្តល់ការអនុម័ត នៅការិយាល័យក្រុមការងារ ឬ ទំនាក់ទំនងទំនងមកលេខាធិការដ្ឋាន តាមរយៈទូរស័ព្ទលេខ 016321010 ឬ 012902200 ឬ 089726028៕

ដោយ​៖ តារា​


ចែករំលែក៖