ភ្នំពេញ ៖ ខ្ញុំពិតជាមានក្ដីរំភើប និងរីករាយក្រៃលែងបន្ទាប់ពីបានឃើញនូវទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលបាន និងកំពុងបន្ដចូលរួមយ៉ាងផុសផុលជាមួយ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន “ ដែលជាការផ្ដួចផ្ដើមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ នេះជាប្រសាសន៍លើកឡើង របស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។
លោកឧបនាយករដ្ឋមន្ត្រី បន្តថា ៖ ការបរិច្ចាគក្នុងមូលនិធិនេះ គឺជាការចូលរួមដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្ដោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន ដោយមានការចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនមិនថាតិចក្ដីច្រើនក្ដីដែលមានការបរិច្ចាគចាប់ពី ១០០៛ ដែលនេះបានបង្ហាញពីទឹកចិត្តចូលរួម សាមគ្គីភាព ឆន្ទៈ ស្រឡាញ់ជាតិ និងលើកកម្ពស់ការអភិវឌ្ឍនៅតាមបណ្ដោយព្រំដែន ដើម្បីក្លាយជាខឿនការពារជាតិដ៏រឹងមាំ ។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ថា ៖ ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំពិតជាមានមោទកភាព ហើយខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដែលបានបរិច្ចាគថវិការផ្ទាល់ខ្លួនចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយរួបរួមគ្នាជាធ្លុងមួយជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ជាពិសេសកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដែលជាសរសៃឈាមក្នុងការអភិវឌ្ឍ និងការការពារជាតិ ៕
ដោយ ៖ សិលា