ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ លោក Kishore Babu G.S.C Yerraballa តំណាងសហភាពទូរគមនាគមន៍អន្តរជាតិ (International Telecommunication Union (ITU)) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីប៉ាស៊ីហ្វិក ដោយផ្តោតជាសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការកសាងសមត្ថភាពសម្រាប់មន្រ្តី។ ជំនួបនេះធ្វើឡើងនៅល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមុិញ នៅទីក្រុងសេឡាំង ប្រទេសម៉ាឡេស៊ី ស្របពេលនៃដំណើរចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២២ និងសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៩ រៀបចំឡើងដោយវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក។
លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់ ITU មកដល់ប្រទេសកម្ពុជានាពេលកន្លងមក ជាពិសេសពាក់ព័ន្ធនឹងការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ការផ្លាស់ប្តូរពីប្រព័ន្ធអាណាឡូកទៅឌីជីថល។
លោករដ្ឋមន្ត្រីក៏បានស្នើឱ្យITUបន្តការចូលរួមជាមួយកម្ពុជាដើម្បីលើកស្ទួយវិស័យផ្សព្វផ្សាយ និងឌីជីថលនៅកម្ពុជាដោយអនុលោមតាមបទដ្ឋានអន្តរជាតិ។
លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការគាំទ្ររបស់ ITU ដែលជាស្ថាប័នជំនាញអន្តរជាតិក្នុងវិស័យទូរគមនាគមន៍ ពិតជាមានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការរៀបចំគោលនយោបាយជាតិពាក់ព័ន្ធនឹងការផ្លាស់ប្តូរពីប្រព័ន្ធអាណាឡូកទៅឌីជីថល ដែលកម្ពុជាបានប្តេជ្ញាចិត្តសម្រេចឱ្យបាននៅក្នុងពេលឆាប់ៗខាងមុខ ៕
ប្រភពពី៖ ក្រសួងព័ត៌មាន