ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នារសៀលថ្ងៃទី០៣ ខែកញ្ញាឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យជនជាតិចិន២នាក់ ពាក់ព័ន្ធករណីបាញ់ប្រហារបណ្ដាលឲ្យនគរបាលម្នាក់ស្លាប់ នៅខណ្ឌដង្កោ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យត្រូវកម្លាំងនគរបាលបង្ក្រាបបានកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅខេត្តព្រះវិហារ ក្រោយពីធ្វើសកម្មភាពបាញ់ប្រហារ និងចាប់ជំរិតជនជាតិចិនដូចគ្នា ហេតុការណ៍បាញ់ប្រហារនេះ បណ្ដាលឲ្យនគរបាលម្នាក់ស្លាប់ និងជនជាតិចិនម្នាក់រងរបួស ខណៈជនជាតិចិនម្នាក់ផ្សេងទៀត ត្រូវចាប់ខ្លួនយកទៅបាត់។
គួរបញ្ជាក់ថា ករណីរថយន្ត២គ្រឿងបុកគ្នា ហើយឈានដល់ការបាញ់ប្រហារដែលបានកើតឡើងកាលពីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់, ម្នាក់ទៀតរងរបួស (ជនជាតិចិន)។
គេឃើញរថយន្ដមួយគ្រឿង ម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BV-5779 (រថយន្ដខ្មាន់កាំភ្លើង) បើកមកបុកចំពីមុខរថយន្ដរបស់ជនរងគ្រោះ ម៉ាក MERCEDES BENZ S560L ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BF-8168។
ជនរងគ្រោះដែលស្លាប់ ត្រូវបានគេស្គាល់ឈ្មោះ គង់ វុទ្ធី អាយុ៣៦ឆ្នាំ ជាមន្ដ្រីនគរបាលបម្រើការងារនៅអង្គភាពអន្ដរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឋានន្ដរស័ក្ដិ ថ្នាក់វរសេនីយ៍ទោ (ស័ក្ដិ៤កន្លះ) និងមានតួនាទីជានាយរងការិយាល័យប្រតិបត្តិការសង្គ្រោះ៕
ដោយ៖ ជ្រោយពេជ្រ