ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីថ្លែងការណ៍ របស់ក្រសួងមហាផ្ទៃ ចំពោះក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទស ដែលបរាជ័យពីការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់!

ចែករំលែក៖

ភ្នំពេញ ៖ នាពេលកន្លងទៅថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ក្រោមលេសធ្វើបាតុកម្មសម្តែង មតិដោយសន្តិវិធី បានកំណត់យកថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៤ ដើម្បីអនុវត្តផែនការផ្តួលរំលំរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតយ៉ាងស្របច្បាប់។ ក្រសួងមហាផ្ទៃ មានកិត្តិយសសូមប្រកាសជូនបងប្អូន ជនរួមជាតិទាំងអស់មេត្តាជ្រាបថា ផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នេះ បានទទួល បរាជ័យយ៉ាងអាម៉ាសទាំងស្រុង ដោយសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាព និងសន្តិភាព ត្រូវ បានធានាយ៉ាងរឹងមាំជាប្រក្រតីនៅទូទាំងប្រទេស។

ការបរាជ័យនៃផែនការក្រុមជ្រុលនិយមមួយក្តាប់តូចនេះ កើតចេញពីការអនុវត្តផែនការសន្តិសុខ របស់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ចចម្រុះគ្រប់លំដាប់ថ្នាក់ និងកម្លាំងប្រជាការពារ ទូទាំងប្រទេស។ ជាពិសេសកម្លាំងយុវជន និងប្រជាជនគ្រប់មជ្ឈដ្ឋាន ពុំបានលង់ជឿលើឧបាយកលទុច្ចរិត ញុះញង់អុចអាលបោកបញ្ឆោតអូសទាញឱ្យចូលរួមនោះឡើយ។ លើសពីនេះ មេបណ្តាញមួយចំនួន ទាំងក្នុងនិងក្រៅប្រទេស បានភ្ញាក់រលឹកទាន់ពេលចូលសារភាព និងប្រកាសលាតត្រដាងអំពីផែនការ ទុច្ចរិតរបស់មេក្លោងនៅពីក្រោយខ្នងផងដែរ។ តែទោះជាយ៉ាងក៏ដោយ ក៏នៅមានក្រុមជនជ្រុលនិយម មួយក្តាប់តូចនៅតែបន្តអនុវត្តតាមផែនការល្មើសច្បាប់នេះ ដោយធ្វើសកម្មភាពគ្រប់មធ្យោបាយ ដើម្បី ចូលមកកាន់រាជធានីភ្នំពេញ។ តបទៅនឹងឥរិយាបថដ៏គឃ្លីននេះ អាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ បានចាត់វិធានការរារាំង ទប់ស្កាត់ ឃាត់ដំណើរ ជនសង្ស័យដែលអាចជាមុខសញ្ញាចូលមករាជធានីភ្នំពេញ បានចំនួន១៨៨នាក់ ដោយពន្យល់អប់រំណែនាំ រួចអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ។ បានឃាត់ខ្លួន និង អនុវត្តវិធានការរដ្ឋបាល ដោយគ្រាន់តែអប់រំណែនាំធ្វើកិច្ចសន្យាឱ្យវិលត្រឡប់ទៅផ្ទះវិញចំនួន៥៧នាក់ និងបានឃាត់ខ្លួនមេបណ្តាញមួយចំនួនបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់ ភ្ជាប់ដោយភស្តុតាងយ៉ាង រឹងមាំ រួមមានអាវុធកែច្នៃផ្សេងៗ ឧបករណ៍សម្ភារៈបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សារសំឡេងបញ្ជា ញុះញង់ឱ្យប្រើហិង្សា ព្រមទាំងមធ្យោបាយល្មើសមួយចំនួនទៀតសម្រាប់អនុវត្តផែនការដ៏ខ្មៅងងឹតនេះ។

ក្រសួងមហាផ្ទៃ សូមសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះប្រជាជនទូទាំងប្រទេស ដែលបានបង្ហាញនូវស្មារតីសាមគ្គីដ៏រឹងមាំជាមួយរាជរដ្ឋាភិបាល កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចការពារ ថែរក្សាសុខសន្តិភាព និង ស្ថិរភាពសង្គម។ ដូចគ្នានេះ សូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមនិងកម្លាំងប្រជាការពារ ដែលបានបំពេញតួនាទីរបស់ខ្លួន ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការធានារក្សាការពារសុខសន្តិភាព និងស្ថិរភាពសង្គម។ ជាពិសេស សម្រេច បានជោគជ័យដ៏ត្រចះត្រចង់ ក្នុងការបំផ្លាញចោលទាំងស្រុង នូវផែនការទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលប៉ុនប៉ងយកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដើម្បីប្រមូលកម្លាំងផ្តួលរំលំរាជរដ្ឋាភិបាល ដែលកើតចេញពីឆន្ទៈរបស់ប្រជាជន តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមរដ្ឋ ធម្មនុញ្ញ និងច្បាប់។

ក្រសួងមហាផ្ទៃ មានជំនឿយ៉ាងមុតមាំលើទឹកចិត្តស្នេហាជាតិរបស់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រមទាំងកម្លាំងប្រជាការពារទូទាំងប្រទេស ក្នុងការ បន្តស្មារតីដ៏អង់អាចចូលរួមជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីការពារនិងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ស្ថិរភាពសង្គម និងសន្តិភាព ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់មិនអាចខ្វះបាន សម្រាប់អភិវឌ្ឍ សង្គមជាតិប្រកបដោយចីរភាពក្រោមអគ្គមគ្គទេសក៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖