ភ្នំេពញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង ០៣ នាក់ខាងលើ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅ ចំណុចផ្លូវលំ ស្ថិតក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៤ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ មាត្រា ៤១០ និងមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ ។
សូមរំលឹកថា កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើងមួយក្រុមមានគ្នាចំនួន០៣នាក់ ប្រដាប់ដោយ កាំបិតប៉័ងតោ ចំនួន០១ដើម ដំបងឈើជ្រុងចំនួន០១ដើម និងដុំថ្មចំនួន០៣ដុំ បានធ្វើសកម្មភាពនាំគ្នា វាយ កាប់ និងគប់ទៅលើ ជនរងគ្រោះចំនួន ០១នាក់ បណ្តាលឱ្យរងរបួសចំលើដៃខាងស្តាំបណ្តាលឱ្យរយះចេញឈាម ដេរចំនួន ១០ ផ្ទេរ និងបែកទ្វារកញ្ចក់របស់ប្រជាពលរដ្ឋ ក្បែរនោះអស់ចំនួន ០២ផ្ទាំង រួចក្រុមក្មេងទំនើងខាងលើ ក៏បានបន្ត វាយ និងកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះមួយគ្រឿងម៉ាក SUZUKI NEX ពណ៌ក្រហម ផលិតឆ្នាំ ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ 1KW-2331 បណ្តាលឱ្យខូចខាតស្ទើរទាំងស្រុង នៅចំណុច ផ្លូវលំ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ២៣ និង ៣០ នាទីយប់ ហើយ ក្រុមក្មេងទំនើងខាងលើ ក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនអស់។ រហូតមកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង ១៥ និង ០០ នាទីយប់ សមត្ថកិច្ចបានស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យទាំង០៣នាក់ ១.ឈ្មោះ នាង វាសនា ភេទប្រុស អាយុ១៨ឆ្នាំ ២.ឈ្មោះ នាង ប៊ុនណា ភេទប្រុស អាយុ១៧ឆ្នាំ និង៣.ឈ្មោះ ប៊ុនថា រ៉ាវុទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ រួមជាមួយវត្ថុតាង កាំបិតប៉័ងតោចំនួន ០១ដើម ដំបងឈើជ្រុងចំនួន ០១ដើម និងដុំថ្មចំនួន០៣ដុំ និងម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ពាក់ផ្លាកលេខ 1KK-5961 ។
បច្ចុប្បន្នក្រុមជនត្រូវចោទ ជាក្មេងទំនើងទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបន្តអាចនឹងឃុំខ្លួននៅពន្ធនារគារជាបណ្ដោះអាសន្ន៕
ដោយ ៖ រ៉ារ៉ា