ភ្នំពេញ៖ ក្នុងឱកាសនៃជំនួប លោក Lucius Daniels នាយកប្រចាំតំបន់អាស៊ី នៃទស្សនាវដ្តី Newsweek បានចាប់អារម្មណ៍ចំពោះការបន្តរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងសុខសុវត្ថិភាពនៅកម្ពុជា ក៏ដូចជាភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ព្រមទាំងបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងរយៈពេល១ឆ្នាំ រួមមានជាអាទិ៍៖ ការកសាងអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ និងការកែលម្អបរិយាកាសវិនិយោគឱ្យតែល្អប្រសើរ នៅកម្ពុជា។ លោក Lucius Daniels ក៏បានគោរពជម្រាបជូនសម្ដេចធិបតីផងដែរថា ទស្សនាវដ្តី Newsweek មានគោលបំណងជួយផ្សព្វផ្សាយអំពីសមិទ្ធផល សក្ដានុពល និងការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ទៅកាន់ពិភពលោក។
ជាការឆ្លើយតប សម្ដេចធិបតីបានសម្ដែងនូវក្ដីសោមនស្សរីករាយ និងអរគុណចំពោះទស្សនាវដ្តី Newsweek ដែលបានចាប់អារម្មណ៍ក្នុងការជួយផ្សព្វផ្សាយអំពីទិដ្ឋភាពជាក់ស្តែង និងសក្តានុពលកម្ពុជា ប្រកបដោយតុល្យភាពទៅកាន់ពិភពលោក និងបានលើកទឹកចិត្តឱ្យផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីទទួលបានព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយ ក្នុងការផ្សព្វផ្សាយទៅកាន់ពិភពលោក។
សម្ដេចធិបតីក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងកម្មវិធីគោលនយោបាយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ជីវភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការធានាអោយបាននូវសុខសន្ដិភាព និងស្ថិរភាពនយោបាយ និងការកសាងមូលធនមនុស្ស ការកែទម្រង់ប្រព័ន្ធអប់រំ និងលើកកម្ពស់វិស័យសុខាភិបាល ក៏ដូចជាការធានាបាននូវបរិយាកាសវិនិយោគល្អប្រសើរ និងប្រកបដោយភាពទាក់ទាញ៕
ដោយ៖ តារា