ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនលោក Zhou Minhao អគ្គនាយក នៃក្រុមប្រឹក្សាសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិទីក្រុងសៀងហៃ (Council for the Promotion of International Trade Shanghai – CPIT Shanghai) និងសហការី ចូលជួបពិភាក្សាការងារ។
ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍ចំពោះគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានគូសរំលេចអំពីវិស័យជាអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគ ដូចជា ការវិនិយោគលើគ្រឿងបង្គុំអេឡិចត្រូនិក វិស័យយានយន្ត វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មជាដើម។ លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល នឹងរីករាយរង់ចាំផ្តល់កិច្ចសម្របសម្រួលជូនដល់វិនិយោគិនដែលមានបំណងស្វែងយល់អំពីសក្ដានុពលកម្ពុជាមុននឹងឈានដល់ការសម្រេចចិត្តដាក់ទុនវិនិយោគ។
ជម្រាបទៅកាន់ លោកឧបនាយករដ្ឋមន្ត្រី លោក Zhou Minhao បានលើកឡើងថា ទស្សនកិច្ចនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យលទ្ធភាពក្នុងការចូលរួមផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ ព្រមទាំងកិច្ចការពាណិជ្ជកម្ម និងការវិនិយោគឯកជន រវាងក្រុងសៀងហៃ និងប្រទេសកម្ពុជា។ ក្នុងនោះដែរ គណៈប្រតិភូ CPIT Shanghai ក៏បានលើកឡើងអំពីគោលបំណងក្នុងការជួយផ្សព្វផ្សាយនូវប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មី របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការគ្រប់គ្រងគម្រោងវិនិយោគ និងបានបង្ហាញឆន្ទៈក្នុងការសហការរៀបចំសិក្ខាសាលា វេទិកាធុរកិច្ច ឬការផ្គូរផ្គងវិស័យឯកជនរវាងកម្ពុជា-សៀងហៃ នៅក្នុងទីក្រុងសៀងហៃ ដើម្បីជាការគាំទ្រដល់កាងារវិនិយោគរវាងគ្នាផងដែរ៕
ដោយ ៖ សិលា