ភ្នំពេញ៖ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជា ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤នេះ សម្រេចបានជាង ៤១ម៉ឺនតោន រកចំណូលបាន ៣០៥លានដុល្លារអាមេរិក តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៥ ក្នុងនោះ ទៅកាន់បណ្តាប្រទេស នៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួនជាង ២០ម៉ឺនតោន, ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួនជាង ៧ម៉ឺន៧ពាន់តោន, ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេស ចំនួនជាង ៨ម៉ឺន ៣ពាន់តោន និងទៅកាន់គោលដៅ ២៨ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក,មជ្ឈឹមបូព៌ា,អាមេរិក,កាណាដា,អូស្ត្រាលី,ញ៉ូហ្សេឡេន ជាដើម បានចំនួនជិត ៤ម៉ឺន ៣ពាន់តោន។
ប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧០,៩២% ប្រភេទអង្ករស ធម្មតា ២៣,៧៥% អង្ករចំហ៊ុយ ៣,១៣% អង្ករសរីរាង្គចំនួន ១,៨៩% និងអង្ករផ្សេងៗចំនួន ០,៣២% ។ ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន ៣,៣១លានតោន (ស្រូវសើម) ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង ៩១៨,១៦លានដុល្លារអាមេរិក ដែលក្នុងនោះ ៨៣,៧៧ % បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។
គួរបញ្ជាក់ថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤នេះ អង្កររបស់កម្ពុជាភាគច្រើន លក់ទៅទីផ្សារសហភាពអឺរ៉ុប និងស្រូវលក់ឲ្យទៅប្រទេសវៀតណាម។ ហើយជាមួយគ្នានេះ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏នឹងរៀបចំកម្មវិធី «វេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤» ក្រោមប្រធានបទ៖ «ការប្រែក្លាយខ្សែច្រវាក់ផ្គត់ផ្គង់អង្ករកម្ពុជា ឲ្យកាន់តែមានភាពធន់ បរិយាបន្ន និងនិរន្ដរភាព» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ នេះផងដែរ ដើម្បីផ្សព្វផ្សាយអំពីសក្តានុពល នៃវិស័យស្រូវអង្ករកម្ពុជាទៅកាន់ពិភពលោក តាមរយៈការបង្ហាញអំពីសមត្ថភាព ផលិតកម្មស្រូវ ការកិនកែច្នៃ និងភាពប្រជែងឈ្នះផ្សេងទៀតរបស់វិស័យស្រូវអង្ករកម្ពុជា៕
ដោយ៖ សូរិយា