ភ្នំពេញ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នពេញ បានឱ្យដឹងថា កាលពីវេលាម៉ោង ០៥និង០០នាទីព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ មានយុវវ័យ ប្រុស-ស្រី មួយក្រុម បានធ្វើសកម្មភាព វាយនិងយកដុំថ្មគប់លើ យុវវ័យមួយក្រុមទៀត បណ្ដាលឲ្យរងរបួស ចំនួន ០៦នាក់ (ប្រុស ០១នាក់ ស្រី ០៥នាក់) នៅចំណុចផ្លូវបេតុង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តែនៅមិនអស់ចិត្ត ក្រុមជនសង្ស័យខាងលើនេះ បាននាំគ្នាទៅធ្វើសកម្មភាព វាយជនរងគ្រោះដល់ផ្ទះម្ដងទៀតយ៉ាងក្លាហានគ្មានសំចៃដៃ គ្មានខ្លាចក្រែងញញើតច្បាប់ ក្នុងវេលាម៉ោងប្រមាណ ០៦និង៣០នាទី ព្រឹកថ្ងៃដដែល នៅចំណុចភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បន្ទាប់ពីបានឃើញមានវីដេអូ ផុសតាមបណ្តាញសង្គម កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ គ្រប់គោលដៅ បានបើកការស្រាវជ្រាវ រហូតដល់ម៉ោង១៣ និង៥២នាទី ថ្ងៃដដែល មូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១១នាក់ (ប្រុសចំនួន ០៣នាក់ ស្រីចំនួន ០៨នាក់) ក្នុងចំណោម ១៣នាក់ ពាក់ព័ន្ធករណីហិង្សាខាងលើ យកមកធ្វើការសាកសួរតាមនីតិវិធី។
ក្រោមវិធានការជំនាញ ជនសង្ស័យប្រុសស្រីទាំង១១នាក់ បានឆ្លើយសារភាពឱ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាធ្វើសកម្មភាពប្រើអំពើហិង្សា ដោយនាំគ្នាព្រួតវាយ និងយកដុំថ្មគប់ ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួស ពិតប្រាកដមែន ព្រោះតែមូលហេតុពួកខ្លួន មានជម្លោះជាមួយក្រុមជនរងគ្រោះដែលជាបុគ្គលិកលក់ស្រាក្រឡុក មានទីតាំងនៅក្បែរគ្នា។
បច្ចុប្បន្នជនជនសង្ស័យប្រុសស្រីទាំង១១នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕
ដោយ៖ តារា