អន្តរជាតិ ៖ នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី៦ ខែកញ្ញា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានជួបពិភាក្សាការងារជាមួយលោក Podesta ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក ស្តីពីគោលនយោបាយអាកាសធាតុអន្តរជាតិតាមការណាត់។
គេហទំព័រ «CCFR China state-controlled media » លោក Wang Yi បានថ្លែងថា លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងនូវគោលការណ៍៣ស្តីពីការគោរពគ្នាទៅវិញទៅមក ការរួមរស់នៅដោយសុខាដុមនីយកម្ម និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីកំណត់ទិសដៅសម្រាប់អនាគតនៃទំនាក់ទំនងចិន-អាមេរិក។ ប្រទេសចិនប្រកាន់ខ្ជាប់ដើរតាមផ្លូវបៃតង កាបូនទាប និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។ កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការលើបម្រែបម្រួលអាកាសធាតុមិនត្រឹមតែជាផ្នែកសំខាន់នៃទំនាក់ទំនងចិន-អាមេរិកប៉ុណ្ណោះទេ ថែមទាំងជាវិធានការសំខាន់ដើម្បីអនុវត្តជាក់ស្តែងនូវគំនិតឯកភាពដែលប្រមុខរដ្ឋនៃប្រទេសទាំងពីរសម្រេចបាននៅក្នុងកិច្ចប្រជុំនៅសាន់ហ្វ្រាន់ស៊ីស្កូផងដែរ។សង្ឃឹមថាសហរដ្ឋអាមេរិកនឹងធ្វើការជាមួយចិន ដើម្បីរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមជាសាកល។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក Podesta បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងចិននឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងនឹងនាំមកនូវផលប្រយោជន៍បន្ថែមទៀតដល់ពិភពលោកផងដែរ។ សហរដ្ឋអាមេរិកមានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនង និងការសម្របសម្រួលជាមួយប្រទេសចិន ដើម្បីធ្វើកិច្ចសហប្រតិបត្តិកាមានលក្ខណៈស្ថាបនា៕
ដោយ ៖ សិលា