ព័ត៌មានទាន់ហេតុការណ៍៖

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញ ប្រកាសបញ្ចូលសមាជិកថ្មីបន្ថែមសមាគមគ្រូពេទ្យស្ម័គ្រ ចិត្តយុវជនសម្ដេចតេជោចំនួន ១.០០៥ នាក់ ទៀត

ចែករំលែក៖

ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នាព្រឹកថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២៤ នេះ បានប្រកាសបញ្ចូលសមាជិកថ្មីបន្ថែមចំនួន ១.០០៥ នាក់ ទៀត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅ ឌឹព្រីមៀរ សែន សុខ រាជធានីភ្នំពេញ ។

មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនោះ លោកជំទាវបណ្ឌិត បានសម្តែងនូវក្តីរីករាយដែលកម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌TYDA បានបោះជំហានក្លាយទៅជាមហាគ្រួសារដ៏ធំមួយ ហើយលោកជំទាវបណ្ឌិត បានកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកានៃកម្លាំងស្ម័គ្រចិត្ត TYDA ទាំងអស់ ដែលបានរួមចំណែកជាធាតុផ្សំក្នុងការបន្តនិរន្តភាពរបស់សមាគម ។

សូមបញ្ជាក់ផងដែរថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១២ ក្រោមគំនិតផ្ដួចផ្ដើមផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយបានដឹកនាំផ្ទាល់ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងគោលបំណងផ្ដល់សេវាព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា និងពណ៌សម្បុរឡើយ ។

មកទល់បច្ចុប្បន្ននេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) មានសមាជិកសរុបចំនួន ១០.២៥៥ នាក់ ដោយបានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋក្រីក្របានចំនួន ៥៤១.៨៥១ នាក់ ក្នុងនេះមានអ្នកជំងឺធ្ងន់ធ្ងរចំនួន ៨.០៦៦ នាក់ ត្រូវបានបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ ហើយមានអ្នកជំងឺបេះដូងចំនួន ៧២ នាក់ ទទួលបានការវះកាត់ដោយជោគជ័យ១០០% ។

ជាមួយគ្នានេះ អំឡុងពេលនៃវិបត្តិរងការរាតត្បាតនៃជំងឺកូវីដ-១៩ សមាគម TYDA បានចុះយកសំណាកអ្នកពាក់ព័ន្ធសរុបចំនួន ៧៤៩ .០១៨ ករណី ព្យាបាលអ្នកជំងឺកូវីដ-១៩បានចំនួន ២៥.៨៤២ នាក់ និងចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩បានចំនួន ៣៧៩.០៩២ នាក់ ៕

ដោយ៖ សូរិយា


ចែករំលែក៖