ភ្នំពេញ៖ យុវជនឈាមរាវពីរនាក់ជិះម៉ូតូដេញធាក់ទៅយុវជនមួយក្រុមទៀតដែលមានគ្នាច្រើនត្រូវបានខាងបក្ខពួកគ្នាច្រើនឃាត់បានម្នាក់ព្រួតវាយឱ្យរងធ្ងន់ធ្ងរចំណែកម្នាក់ទៀតជិះម៉ូតូរត់គេចខ្លួនទៅចោលបាត់ ។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង៣០រំលងអធ្រាត្រឈានចូលថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៤ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេងទល់មុខនិងផ្សារខេម៉ល សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។
យោងតាមការបញ្ជាក់ពីក្រុមយុវជនដែលមានគ្នាច្រើនបានឱ្យដឹងថា នៅមុនពេលកេីតហេតុពួកគាត់បានជិះម៉ូតូពីរគ្រឿងមានគ្នា៦នាក់ចេញពីក្លិបG21 ម៉ូតូ១ជិះបីនាក់ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីលិចមកកេីតលុះមកដល់ចំណុចស្តុបទួលពង្រស្រាប់តែខាងជនរងគ្រោះដែលមានគ្នាពីរនាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាបានឌឺដងសម្ដី ដាក់គ្នាទៅវិញទៅមករួចខាងដែលមានគ្នាពីរនាក់បានធ្វើសកម្មភាពធាក់មកលើខាងគ្នាច្រើន ភ្លាមៗនោះដែរក្រុមបក្ខពួកខាងច្រេីនជិះម៉ូតូប្រដេញតាមពីក្រោយរហូតមកដល់ចំណុចខាងលើជនរងគ្រោះភ័យស្លន់ស្លោរបានជ្រុលទៅបុកនឹងរុីម៉កបណ្ដាលឲ្យដួលម៉ូតូត្រូវបានខាងក្រុមគ្នីគ្នាច្រើនចាប់ឃាត់ខ្លួនបានម្នាក់ព្រួតវាយនិងមួកសុវត្ថិភាពបោកផងយកខ្សែក្រវ៉ាត់វាយផងបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ចំណែកម្នាក់ទៀតលេីកម៉ូតូជិះរត់គេចខ្លួនទៅចោលមិត្តភក្ដិបាត់មិនជួយគ្នានោះទេ ។ លុះក្រោយមកខាងសន្តិសុខយាមកាមនៅផ្សារខេម៉លបានរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ធ្វើការឃាត់ខ្លួនភាគីទាំងសងខាងនាំទៅប៉ុស្តិ៍សួរនាំបន្តភ្លាមៗក្នុងហេតុការណ៍នោះដែរខាងបក្ខពួកបង្កបានរត់គេចខ្លួនពីរនាក់សមត្ថកិច្ចឃាត់បានបួនប៉ុណ្ណោះ ។
ក្រោយពេលកេីតហេតុបន្ទាប់ខាងរងគ្រោះដាក់ពាក្យបណ្ដឹងខាងសមត្ថកិច្ចមូលដ្ឋានបានកសាងសំណុំរឿងបញ្ជូនខ្លួនជនបង្កទាំងបួននាក់ទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌដេីម្បីចាត់ការតាមនីតិវិធីបន្ត ៕
ដោយ៖ រ៉ារ៉ា