ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ជាធម្មតា ថ្លៃស្រូវ OM ដែលជាប្រភេទពូជស្រូវរបស់ប្រទេសវៀតណាម តែងតែស្ថិតនៅក្នុងចន្លោះ៨០០៛-១០០០៛ ជារៀងរាល់ខែកញ្ញានៃឆ្នាំនីមួយៗ ចំណែកឯថ្លៃខ្ពស់កាលពីឆ្នាំ២០២៣គឺជាករណីពិសេសតែប៉ុណ្ណោះ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ យើងសង្កេតឃើញថាថ្លៃស្រូវសែនក្រអូប ដែលជាពូជយុទ្ធសាស្ត្ររបស់កម្ពុជា នៅបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយបច្ចុប្បន្ននេះ កំពុងមានតម្លៃល្អខ្លាំងបើធៀបនឹងស្រូវ OM គឺ ១៤០០៛ ក្នុងមួយគីឡូស្រូវសើម។
កសិករខ្មែរគួរពិចារណាងាកមកប្រើប្រាស់ពូជក្នុងស្រុករបស់យើងវិញទើបប្រសើរជាង បានទាំងតម្លៃល្អ ហើយប្រសិនបើមានបញ្ហារឿងថ្លៃ យើងមានយន្តការអាចជួយអន្តរាគមន៍ភ្លាមៗបាន។ ខុសពីការប្រើប្រាស់ពូជរបស់គេ តែគេមិនទិញឬគេបង្អាប់ទិញក្នុងតម្លៃថោក យើងគ្មានអ្វីក្រៅពីទ្រាំទទួលយកនោះទេ៕
ដោយ៖ តារា