ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅស្រុកសង្កែ ខេត្តបាត់ដំបង តាមបទបញ្ជាឧត្តម សេនីយ៍ទោ ដាញ់អេង ប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង វរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែបានដឹកនាំកម្លាំងធ្វើការ ស្រាវជ្រាវនិងឃាត់ខ្លួនយុវជនចំនួន ០៣នក់ នាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ដែលត្រូវគេវាយ ហើយលោតទម្លាក់ទឹករហូតលង់ស្លាប់ម្នាក់នោះឈ្មោះ ឃឿត សាវ៉ុង ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ (លង់ទឹកស្លាប់) និងឈ្មោះ នា ចំណាន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្វាយធំ ឃុំអន្លង់វិល ស្រុកសង្កែ (ហែលទឹករួចផុតជីវិត) ។
របាយការណ៍បានបញ្ជាក់ថា ជនរងគ្រោះត្រូវបានគូសត្រូវចំនួន០៣នាក់កាន់ដែកបំពង់ទីប និងកាំបិត ដេញវាយនិងកាប់ ពេលពួកគេកំពុងអង្កុយនៅក្នុងខ្យូសលើទឹកស្រះដ៏ធំមួយកន្លែង ។ ប៉ុន្តែជនរងគ្រោះទាំង០២នាក់បានបង្ខំចិត្តលោតចូលទឹកស្រះ ពេលឃើញក្រុមជនដៃដល់ជិះម៉ូតូចូលទៅដល់ ហើយស្ទុះចុះទៅរកដេញកាប់ និងវាយយ៉ាងប្រសេកប្រសាច ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតនិយាយថា ក្រុមជនដៃដល់មិនទាន់បានវាយ ឬកាប់ទៅលើជនរងគ្រោះទេ តែជនរងគ្រោះទាំង២នាក់ភ័យស្លន់ស្លោរ ក៏បានលោតទម្លាក់ទឹក នៅពេលក្រឡេកឃើញក្រុមជនដៃដល់ជិះមម៉ូតូហើយកាន់កាំបិតនិងដែកទីបចូលទៅដល់ ហើយលោតចុះពីលើម៉ូតូ ស្ទុះទៅរកវាយនិងកាប់។ គ្រានោះ គេឃើញជនរងគ្រោះម្នាក់ឈ្មោះ ចំណាន បានហែលឆ្លងទឹកស្រះផុតទៅត្រើយម្ខាង តែម្នាក់ទៀតឈ្មោះ សាវ៉ុង ស្រាប់តែបាត់ឈឹងតែម្ដង មិនឃើញផុសឡើងសោះ ដែលនាំឲ្យគេសង្ស័យភ្លាមៗថា អាចត្រូវលង់ទឹកស្លាប់ហើយ ។
ប្រភពដដែលបានបញ្ជាក់ថា ពេលឃើញស្ថានភាពបែបនេះ ក្រុមជនដៃដល់ចំនួន០៣នាក់ ដែលប្រដាប់ដោយកាំបិត និងដែកបំពង់ទីប បានព្រួតគ្នាកាប់ និងវាយកម្ទេចម៉ូតូជនរងគ្រោះបណ្ដាលឲ្យខូចខាត រួចនាំគ្នាជិះម៉ូតូគេចខ្លួនភ្លាមៗដែរ ។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក ក៏ត្រូវកម្លាំងអធិការស្រុកសង្កែ ធ្វើការស្រាវជ្រាវរហូតតាមឃាត់ខ្លួនពួកគេទាំង០៣នាក់បានជាបន្តបន្ទាប់ ។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់ ១-ឈ្មោះ ហឿត ឡៃហៀង ហៅខ្យង ភេទប្រុស អាយុ១៦ឆ្នាំ ២-ឈ្មោះ ស្រស់ សុវណ្ណា ភេទប្រុស អាយុ១៦ឆ្នាំ (ពួកគេ២នាក់នេះនៅចំណុចភូមិឃុំកើត ហេតុ) និង៣-ឈ្មោះ ខុន សុខេន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិរូងជ្រៃ ឃុំខ្នាចរមាស ស្រុកបវេល ។
ដោយឡែក ងាកមកតាមដានជនរងគ្រោះម្នាក់ឈ្មោះ ឃឿត សាវ៉ុង ដែលបាត់ខ្លួននៅក្នុងទឹកស្រះវិញ បើតាមសមត្ថកិច្ចបានប្រាប់ថា យុវជននេះបានលង់ទឹកស្លាប់តាំងពីពេលកើតហេតុ លុះនៅម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១០ កញ្ញា ទើបក្រុមគ្រួសារ និងអ្នកភូមិជួយរាវរកឃើញសាកសព ។ លោក ឈឿង គឹមសុង ស្នងការរងបានប្រាប់ថា សង្គ្រាមក្មេងទំនើងទាំង០២ភាគី រហូតមានសម្លាប់មានចាប់ខ្លួននេះ បើតាមការសាកសួរបឋម គឺផ្ដើមចេញពី«គំនុំចាស់» ។
លោកស្នងការរងបាននិយាយថា យោងតាមចម្លើយបឋមនៃភាគីទាំង០២ពួកគេធ្លាប់ប៉ះទង្កិចគ្នាដោយហិង្សាមិនឈ្នះមិនចាញ់ ដែលកាលនោះភាគីជនរងគ្រោះជាអ្នកបង្កឲ្យមានអំពើហិង្សានោះ រហូតធ្វើឲ្យភាគី០៣នាក់នេះ ចងគំនុំតាមសងសឹករហូតមកដល់ពេលនេះ ។ នេះបើតាមចម្លើយជនរងគ្រោះម្នាក់ដែលហែលឆ្លងទឹករួច និងចម្លើយបឋមរបស់ក្រុមជនសង្ស័យ ។
លោក ឈឿង គឹមសុង បានបញ្ជាក់ថា ការចងគំនុំរបស់ក្រុមជនសង្ស័យ បានតាមស្វែងរកមុខគូសត្រូវរបស់ខ្លួនរហូតដល់រសៀលថ្ងៃទី០៩ កញ្ញា ទើបតាមស៊ើបដឹងថា ជនរងគ្រោះទាំង០២នាក់ ដែលកំពុងអង្គុយលេងក្នុងខ្យូសលើទឹកស្រះខាងលើ ក៏នាំគ្នាជិះម៉ូតូសម្រុកចូលក្នុងបំណងកាប់ និងវាយជនរងគ្រោះ ។
ប៉ុន្តែពេលនោះ ជនរងគ្រោះទាំង០២នាក់ក្រឡេកឃើញទាន់ ក៏នាំគ្នាលោតទម្លាក់ទឹកស្រះតែម្ដង ។ លោកបានបញ្ជាក់ថា ពេលលោតទម្លាក់ទឹក ជនរងគ្រោះម្នាក់អត់ចេះហែលក៏លិចបាត់ខ្លួនរហូត រីឯម្នាក់ទៀតចេះហែល ក៏ហែលឆ្លងផុតទៅត្រើយម្ខាងរួចជីវិត ខណៈក្រុមជនដៃដល់កាប់ផង វាយផងកំទេចម៉ូតូជនរងគ្រោះ រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ ។
សាកសពជនរងគ្រោះឈ្មោះ ឃឿត សាហ្វុង ភេទប្រុស មានទីលំនៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបងត្រូវបានប្រគល់ជូនក្រុមគ្រួសារក្រោយពេលធ្វើការពិនិត្យរួច ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
លោកស្នងការបានចេញបញ្ជាភ្លាមៗស្រាវជ្រាវរកមុខសញ្ញាក្រុមជនសង្ស័យ លុះប៉ុន្មានម៉ោងក្រោយ ទើបកម្លាំងអធិការស្រុកសង្កែ តាមឃាត់ខ្លួនក្រុមជនសង្ស័យទាំង០៣នាក់បានជាបន្តបន្ទាប់។ ពេលនេះ មន្ត្រីជំនាញកំពុងសួរនាំក្រុមជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធីហើយ៕
ដោយ៖ សូរិយា