ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបអ្នកកាសែតកម្ពុជា​ និងក្រសួងសុខាភិបាល​ រៀបចំ​វេទិកាស្តីពី «ស្ថានភាពសុខាភិបាលកម្ពុជា បញ្ហាប្រឈម និងឱកាស»

ចែករំលែក៖

ភ្នំពេញ​៖​ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងសុខាភិបាលកម្ពុជា​ នៅព្រឹកថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ បានរៀបចំវេទិកាស្តីពី «ស្ថានភាពសុខាភិបាលកម្ពុជា ៖ បញ្ហាប្រឈម និងឱកាស»​ ស្ថិត​នៅ​មន្ទីរពេទ្យកាល់ម៉ែត មហាវិថីព្រះមុនីវង្ស​ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​។ ក្នុង​វេទិកា​នេះដែរ​ ក្រោម​អធិបតីភាព​លោករដ្ឋមន្ត្រី ក្រសួងសុខាភិបាល ,លោក​ ពុយ​ គា​ ប្រធាន​ក្លិប​អ្នក​កាសែត​កម្ពុជា​ និងមន្ត្រីជំនាញពាក់ព័ន្ធចូលរួមផងដែរ។ 

សូមជម្រាបជូនថា​ ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន​ គឺស្ថិតក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ខណៈដែលក្រសួងសុខាភិបាលជាស្ថាប័នជំនាញ និងអនុវត្ត ដោយផ្ទាល់នូវយុទ្ធសាស្ត្រដ៏មានសារសំខាន់នោះ។

លោក​ ពុយ​ គា​ ប្រធានក្លិបអ្នកកាសែតកម្ពុជា បានបញ្ជាក់ថា​ ដើម្បីឱ្យអ្នកសារព័ត៌មានស្វែងយល់អំពីអ្វីជាយុទ្ធសាស្ត្រ និងយុទ្ធវិធីឆ្ពោះទៅសម្រេចបានគោលដៅនោះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងសុខាភិបាលរៀបចំវេទិកាដូចប្រធានបទខាងលើដើម្បី ជូនថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងសុខាភិបាល​ បង្ហាញអំពីសកម្មភាពការងារសំខាន់ៗ សមិទ្ធផល និងវឌ្ឍន ភាពការងារសម្រេចបានក្នុងរយៈពេល១ឆ្នាំ រួមទាំងបញ្ហាប្រឈម និងកាលានុវត្តភាពនៃវិស័យជាអាទិភាពនេះ សំខាន់ការពង្រឹងសេវាសាធារណៈតាមមន្ទីរពេទ្យសំដៅបង្កើនប្រសិទ្ធភាពការងារ និងជំនឿរបស់ប្រជាជន។

ជាមួយគ្នានេះ​ អ្នកសារព័ត៌មានក៏អាចលើកជាសំណួរទាក់ទងកម្មវិធីការងារជាក់ស្តែង និងការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលរួមទាំងសំណួរមួយចំនួនទៀត ដែលមានសារៈប្រយោជន៍ដល់ការលើកកម្ពស់ សុខុមាលភាពប្រជាជនកម្ពុជា៕

ដោយ​៖ តារា​


ចែករំលែក៖