ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើប្រទេសជប៉ុន បានជួយអ្វីខ្លះដល់កម្ពុជា?

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅក្នុងពិធីសម្ពោធសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ» នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ កម្ពុជា និងជប៉ុន មានទំនាក់ទំនងជាមួយគ្នារយៈពេល៧១ឆ្នាំមកហើយ ជាពិសេសនៅក្នុងឆ្នាំនេះ មានការជួបគ្នានិងសម្ពោធសមិទ្ធផលជាច្រើនផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ ជប៉ុន ជាដៃគូមួយដ៏សំខាន់របស់ប្រទេសកម្ពុជា ដែលបានជួយកម្ពុជាតាំងពីដំណាក់កាលនៃការស្វែងរកសន្តិភាព ដំណាក់កាលនៃការចរចា បង្កើតរាជរដ្ឋាភិបាល ក៏ដូចជា ការកសាងប្រទេសនៅក្រោយសង្រ្គាម និងក្រោយឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ននេះ។

ក្នុងនាមរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណសារជាថ្មីដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ការគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹក ជ្រៅតែមួយគត់របស់កម្ពុជា ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ អភិវឌ្ឍប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្មទទួលបានពីកំណើនបរិមាណទំនិញ និង កុងតឺន័រឆ្លងកាត់ជារៀងរាល់ថ្ងៃ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានខិតខំបំពេញ ការងារអស់ពីកម្លាំងកាយចិត្ត ក្នុងការផ្តល់សេវាកំពង់ផែឱ្យបានរហ័សប្រកបដោយគុណភាព និង ប្រសិទ្ធភាព សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងវិស័យដឹកជញ្ជូន និង ឡូជីស្ទិក នៅក្នុងតំបន់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនេះ នឹងផ្តល់ ជាជម្រើសបន្ថែម សម្រាប់ជួយបំពេញមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលដៅ ពង្រីកសមត្ថភាព និងធ្វើទំនើបកម្មកំពង់ផែ ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់នាពេលបច្ចុប្បន្ន មុននឹង ទទួលបានសមិទ្ធផលចំណត ផែ កុងតឺន័រទឹកជ្រៅថ្មីទាំង៣ជំហាន នាពេលអនាគត ៕ 

ដោយ ៖ សិលា


ចែករំលែក៖