ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយ លោក Martin Herma អ្នកអភិវឌ្ឍន៍គម្រោងនៃអង្គការ Atmosfair ដែលជាអង្គការមិនរកប្រាក់ចំណេញរបស់ប្រទេសអាល្លឺម៉ង់ ក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីសមិទ្ធិលទ្ធភាព និងកាលានុវត្តភាពវិនិយោគលើមុខសញ្ញាថាមពលជីវម៉ាសនៅកម្ពុជាកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
មានមតិក្នុងជំនួបខាងលើ តំណាង Atmosfair បានជម្រាបជូនអំពីគោលបំណងរបស់ខ្លួនក្នុងការស្វែងរកដៃគូក្នុងស្រុកដើម្បីសហការវិនិយោគលើគម្រោងថាមពលជីវម៉ាសសំដៅចូលរួមចំណែកដល់ការបង្កើនបរិមាណនៃថាមពលបៃតងនៅក្នុងស្រុក, តំបន់, និងសកល។ ជាមួយគ្នានេះ សមភាគីក៏បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងអំពីសក្តានុពលនៃឥណទានកាបូននៅកម្ពុជាដែលអាចមានលទ្ធភាពផ្គត់ផ្គង់ជូនសហគ្រាសអាល្លឺម៉ង់ ហើយបានបង្ហាញជំនឿចិត្តថានឹងមានឱកាសក្នុងការសហការជាមួយភាគីពាក់ព័ន្ធលើកិច្ចការនេះនាពេលអនាគត។
ជាការឆ្លើយតប លោកអគ្គលេខាធិការរងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសមភាគីដែលបានអញ្ជើញមកកម្ពុជាដោយផ្ទាល់ដើម្បីពិនិត្យ និងស្វែងយល់អំពីកិច្ចការថាមពលបៃតងនៅកម្ពុជា។ ឆ្លៀតឱកាសនេះ លោកក៏បានជម្រាបជូនសមភាគីអំពីបច្ចុប្បន្នភាពថ្មីនៃរបបវិនិយោគពាក់ព័ន្ធនឹងថាមពលបៃតងដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ជាកិច្ចបញ្ចប់ លោកអគ្គលេខាធិការរង បានលើកទឹកចិត្តសមភាគីឱ្យបន្តជួបពិភាក្សាឱ្យបានស៊ីជម្រៅជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធសំដៅទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយសម្រាប់បម្រើជាមូលដ្ឋានដល់ការសម្រេចចិត្ត៕
ដោយ៖ តារា