ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា បុរសពីរនាក់ ត្រូវបានកម្លាំងនគរបាលជំនាញនៅស្រុកគាស់ក្រឡ ចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនយកមកសាកសួរ និងបង្ហាញមុខជាសាធារណៈ និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ក្រោយពួកគេលួចលាក់ទុកអាវុធ និងគ្រាប់បែកដៃ ដោយខុសច្បាប់។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានឱ្យដឹងទៀតថា លោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនគរបាលស្រុកគាស់ក្រឡ បានដឹកនាំកម្លាំងទៅនាំខ្លួនបុរសចំនួន០២នាក់ នៅចំណុចអូរអាឡោក ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០២៤ថ្មីៗនេះ ក្នុងករណីដែលរូបគាត់លាក់ទុកអាវុធនិងគ្រាប់បែកដៃ នៅក្នុងទីកន្លែងស្នាក់នៅរបស់គាត់នោះគឺ៖
១-ឈ្មោះ ជន ជឿម ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅភូមិឃុំខាងលើ ។
២-ឈ្មោះ សោម សុវណ្ណ ភេទប្រុ ស អាយុ ៤៤ឆ្នាំ មកស្នាក់នៅចំណុចខាងលើរស់នៅជាមួយគ្នា។
ជាក់ស្ដែងកម្លាំងសមត្ថកិច្ច ដកហូតបានអាវុធប្រភេទ AK47 អត់ស្វាយគ្រាប់ក្នុងបង់ ចំនួន ១២គ្រាប់ នៅក្រៅបង់ ចំនួន៣០គ្រាប់ ,កូនកាំបិតខ្លីមួយដើម និងគ្រាប់បែកដៃចំនួន០២គ្រាប់។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖ តារា