ភ្នំពេញ ៖ លោក ចាវ ស៊ីថុង ឧបការីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានអបអរសាទរ រាជរដ្ឋាភិបាលកម្ពុជា ចំពោះសមិទ្ធផលលេចធ្លោជាច្រើន ក្នុងរយៈពេលមួយឆ្នាំ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ហើយឯកឧត្តមថា បណ្ដាអង្គការអន្តរជាតិ រួមទាំងធនាគារពិភពលោក ក៏បានវាយតម្លៃប្រកបដោយសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា បង្ហាញពីខ្លឹមសារនៃជំនួបរវាងមន្ត្រីជាន់ខ្ពស់រូបនេះ ជាមួយនឹងសម្តេចធិបតី។
បើតាមប្រភព លោក ចាវ ស៊ីថុង បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការជាក់ស្តែងកម្ពុជា-ចិន ជាពិសេសក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» និងបានសង្កត់ធ្ងន់ថា ភាគីចិនបន្តគាំទ្រមាគ៌ាអភិវឌ្ឍរបស់កម្ពុជា ស្របតាមស្ថានភាពជាក់ស្ដែងរបស់កម្ពុជា។ ឯកឧត្តមបានបន្ថែមថា វិនិយោគិនចិន នៅកម្ពុជាមានសុទិដ្ឋិនិយមចំពោះភាពធន់នៃសេដ្ឋកិច្ច ក៍ដូចជាបរិយាកាសវិនិយោគដ៏ល្អប្រសើរនៅកម្ពុជា ដោយរាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីកែទម្រង់ និងកញ្ចប់វិធានការគន្លឹះ នាពេលកន្លងមក។
លោក ឧបការីរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅកម្ពុជា នាពេលនេះ មានគោលបំណងពង្រឹងការប្រាស្រ័យទាក់ទងគ្នា ក្នុងក្របខ័ណ្ឌបក្សនិងបក្ស ព្រមទាំង ជំរុញកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌយុវជនផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសនោះ បានសម្តែងក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងបានអរគុណប្រទេសចិន ដែលបានជួយគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា នាពេលកន្លងមក។
សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌយុវជន និងលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការនេះថែមទៀត តាមរយៈការបណ្ដុះបណ្ដាល ការផ្សារភ្ជាប់វិស័យឯកជន ជាពិសេសក្នុងចំណោមសហគ្រិនវ័យក្មេង ការផ្លាស់ប្ដូរទស្សនកិច្ច ការផ្លាស់ប្ដូរវប្បធម៌ និងការរៀបចំព្រឹត្តិការណ៍នានា ដែលទាំងនេះគឺជាស្ពានដ៏សំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងយុវជន និងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធថែមទៀត។
សម្តេចធិបតី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ដែលនឹងបើកច្រកសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងទៀត រួមទាំងការវិនិយោគ និងសេដ្ឋកិច្ច នៅកម្ពុជា។
សម្តេចធិបតី បានសង្កត់ធ្ងន់អំពីការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌបក្សនិងបក្សផងដែរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងបទពិសោធន៍លើប្រធានបទសំខាន់ៗសម្រាប់ប្រទេសទាំងពីរកម្ពុជានិងចិន៕
ប្រភព ៖ «CCFR China state-controlled media »