ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនសាធារណជន មេត្តាជ្រាបជាព័ត៌មានថា ថ្មីៗនេះមានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយនូវព័ត៌មានមិនពិត អំពីគម្រោងលើកកម្រិតពង្រីក និង ថែទាំផ្លូវជាតិលេខ៤ ដែលខ្លឹមសារផ្សព្វផ្សាយនេះ គឺមានភាពប្រាសចាកពីភាពពិតរបស់គម្រោង ដែល បាននិងកំពុងដំណើរការអនុវត្ត ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមយកឱកាសនេះធ្វើការបំភ្លឺជូនបន្ថែមថា គម្រោងលើក កម្រិតពង្រីក និងថែទាំផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៩៦,១គីឡូម៉ែត្រ ដែលប្រើប្រាស់ហិរញ្ញប្បទានពី ធនាគារពិភពលោក បាននិងកំពុងបន្តសកម្មភាពការងារសាងសង់ជារៀងរាល់ថ្ងៃ ក៏ប៉ុន្តែដោយសារនៅក្នុង រដូវវស្សា ស្ថានភាពអាកាសធាតុមានការប្រែប្រួល និងមានភ្លៀងធ្លាក់ជោគជាំស្ទើរតែរាល់ថ្ងៃ ទើបបណ្តាល ឱ្យការងារការដ្ឋាននៅតាមចំណុចមួយចំនួនត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន ដោយត្រូវរង់ចាំ ស្ថានភាពអាកាសធាតុល្អប្រសើរឡើងវិញ។
ជាក់ស្តែង ការអនុវត្តការងារនៅការដ្ឋាន ជារួមក្រសួងបានបញ្ចប់ការងារស្ថាបនា និងពង្រីកផ្លូវ បានប្រវែងប្រមាណ ១៣០គីឡូម៉ែត្រ រួមជាមួយនឹងការសាងសង់ស្ពាន និងការដាក់លូនៅតាមទីតាំងសំខាន់ៗ រួមមាន ស្ពានលេខ១២ និងលេខ១៣ នៅ (PK ១១៥+៩៣៥) និងលូនៅចំណុច (PK ៤៣+២០៥), (PK ៩៩+៤០០) (PK ១០៦+៦៩០), និង (PK ១៥៣+៣៤៤) ដែលអាចធានាបាននូវប្រសិទ្ធភាព និងការការពារការជន់លិចផ្លូវជាតិលេខ៤ ពីជំនន់ទឹកភ្លៀងដូចនាឆ្នាំកន្លងមក។
ជាមួយគ្នានេះ ចំពោះ ការងារការដ្ឋានសាងសង់ដែលនៅសេសសល់ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយក្រុមហ៊ុន ម៉ៅការសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស នឹងខិតខំបន្តជំរុញសកម្មភាពសាងសង់បន្ថែមទៀត បន្ទាប់ពីផុតរដូវវស្សានេះ ដើម្បីជំរុញឱ្យគម្រោងទាំងមូលបានបញ្ចប់តាមផែនការគ្រោងទុកនៅក្នុងអំឡុង ឆ្នាំ២០២៦ ខាងមុខ៕
ដោយ៖ តារា