ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ​ហុងដា​ឌ្រីម​ជិះ​ឆ្លង​ផ្លូវ​ត្រូវ​ម៉ូតូ ADV បុក​បណ្ដាល​ឱ្យរង​របួស​ធ្ងន់​ស្រាល​ចំនួន​៣នាក់​

ចែករំលែក៖

ភ្នំពេញ​៖ ម៉ូតូ​ហុងដា​ឌ្រីម​មួយគ្រឿងជិះ​ឆ្លង​ផ្លូវ​ត្រូវ​ម៉ូតូ ADV បុក​បណ្ដាល​ឱ្យរង​របួស​ធ្ងន់​ស្រាល​ចំនួន​៣នាក់​​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាលពី​វេលា​ម៉ោង​៩និង​២០នាទី​យប់​ ថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នាំ២០២៤​ នៅទល់​មុខក្រសួង​កសិកម្ម រក្ខាប្រមាញ់​និង​នេសាទ​ តាមបណ្តោយផ្លូវ​ព្រះ​នរោត្ដម​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ។ 

​   តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បាន​ឱ្យដឹង​ថា​ មុន​ពេល​កេីត​ហេតុ​គេបាន​ឃើញ​បុរស​២នាក់​ឪពុក​កូន​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1FT-8478 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម​ក្នុងទិសដៅ​ពី​ ជើង​ទៅ​ត្បូង ពេលមក​ដល់​ចំណុច​កេីត​ហេតុ​ក៏បានបត់ឆ្វេង​ឆ្លង​ផ្លូវ​បញ្ឆិត​ក្នុងគោល​បំណង​ចូល​ទៅ​ច្រក​ចូល​ក្នុង​ផ្ទះ​ តែ​គាប់​ជួន​ពេល​នោះ​ក៏​មានបុរស​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ADV ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1KU-2771 បានជិះ​បោះ​ពួយ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ពី​ត្បូង​ទៅ​ជេីង​ ក៏ជ្រុល​ទៅ​បុក​ម៉ូតូ​ហុងដា​ឌ្រីម​ដែល​កំពុង​ឆ្លង​ផ្លូវ​យ៉ាង​ពេញ​ទំហឹង​ បណ្ដាល​ឱ្យម៉ូតូ​ទាំង​២គ្រឿង​រងការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​យ៉ាង​ដំណំ​ ព្រម​ទាំង​ធ្វើ​ឲ្យ​បុរស​ជាអ្នក​ជិះ​ម៉ូតូ ADV រងរបួស​បែក​ក្បាល​ហូរឈាមសន្លប់ស្តូក​ស្តឹង។ ចំណក​ខាង​ម៉ូតូ​ហុងដា​ឌ្រីម​វិញ​ កូន​ជា​អ្នក​ឌុប​រងរបួស​បែក​ក្បាល​និង​បាក់​ប្រអប់​ជើង​ខាង​ស្ដាំ​ ដោយ​បុរស​ជា​ឪពុក​របួស​បែក​មុខ​ក្បាល​ហូរ​ឈាម​ អ្នក​ទាំង​បី​ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សាមុយ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី។ 

​   ក្រោយ​ពេល​កេីត​ហេតុ​ ដោយ​សារតែ​មិន​មាន​ដំណោះស្រាយ​ម៉ូតូ​ទាំង​២គ្រឿង​ត្រូវ​សមត្ថកិច្ច​ជំនាញ​ធ្វើការវាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន​រង់ចាំ​ដំណោះស្រាយ​នៅ​ពេល​ក្រោយ​ជា​បន្ត​ ៕

ដោយ៖ សុខា សែនជ័យ


ចែករំលែក៖