ព័ត៌មានទាន់ហេតុការណ៍៖

ប្រព័ន្ធធារាសាស្រ្តហនុមាន​ ទទួលប្រភពទឹកពីស្ទឹងព្រែកត្នោតហូរចុះមកបំពេញបឹងទន្លេបាទី អាចមានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន ៦០០០ហិកតា

ចែករំលែក៖

ខេត្តកណ្តាល និងខេត្តតាកែវ៖ លោក សេរី បណ្ឌិត អនុរដ្ឋលេខាធិការ និងជាអនុប្រធានអង្គភាពត្រួតពិនិត្យគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអង្គភាព សហការជាមួយនាយកដា្ននធារាសាស្ត្រកសិកម្ម ចុះពិនិត្យគម្រោងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រដែលមានទីតាំងក្នុងខេត្តកណ្តាល និងខេត្តតាកែវ។

ក្នុងឱកាសនោះ លោកអនុរដ្ឋលេខាធិការ និងក្រុមការងារបានចុះពិនិត្យគម្រោងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រចំនួនពីរគឺ ទី១)គម្រោងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រកណ្តាលស្ទឹង ក្នុងខេត្តកណ្តាលដែលរួមមានការថែទាំប្រឡាយមេបេតុង (GMC63) ចំនួន ១ខ្សែប្រវែង ៥៣៥០ម៉ែត្រ ប្រឡាយមេបេតុង (GMC78) ចំនួន ១ខ្សែប្រវែង ២៣០០ម៉ែត្រ ប្រឡាយដោះទឹកចំនួន ៣ខ្សែ ប្រវែង ១៦០១២ម៉ែត្រ ប្រឡាយរងចំនួន ៧ខ្សែប្រវែង ១៩៨៧៤ម៉ែត្រ និងប្រឡាយដោះទឹកចំនួន ១ខ្សែប្រវែង ២៩០៥ម៉ែត្រ និងថែទាំសំណង់សិល្បការ្យសរុបចំនួន១២១កន្លែង និង ទី២) គម្រោងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រប្រឡាយមេហនុមាន ក្នុងខេត្តតាកែវ ដែលរួមមានការថែទាំប្រឡាយមេចំនួន ៤ខ្សែសរុបប្រវែង ២២០៩៨ម៉ែត្រ និងជួសជុលថែទាំសំណង់សិល្បការ្យចំនួន ៧២កន្លែង។

លោកអនុរដ្ឋលេខាធិការ​ បានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងរបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ត្រូវបន្តយកចិត្តទុកដាក់លើគុណភាព សោភ័ណភាព ដោយអនុវត្តន៍តាមបញ្ជីការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានគាំទ្រឱ្យសិក្សាពង្រីកបន្ថែមការងារក្នុងអនុតំបន់នីមួយៗដែលមិនទាន់មានក្នុងគម្រោងបន្ថែមទៀត។

សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រកណ្តាលស្ទឹង បានទទួលប្រភពទឹកពីស្ទឹងព្រែកត្នោត និងមួយផ្នែកទៀតពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់មានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ១៦០០ហិកតា ស្រូវប្រាំងលើកទី១ ចំនួន ៨០០ហិកតា ស្រូវប្រាំងលើកទី២ចំនួន ៨០០ហិកតា និងដំណាំរួមផ្សំមួយចំនួនជូនប្រជាពលរដ្ឋចំនួន៥ឃុំ ក្នុងខេត្តកណ្តាល និងក្នុងសង្កាត់ចំនួន៣ របស់ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

ដោយឡែកប្រព័ន្ធធារាសាស្រ្តហនុមានទទួលប្រភពទឹកពីស្ទឹងព្រែកត្នោតហូរចុះមកបំពេញបឹងទន្លេបាទី និងមួយភាគទៀតពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ មានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន ៦០០០ហិកតា ស្រូវប្រាំងលើកទី១ ចំនួន ៦០០០ហិកតា ស្រូវប្រាំងលើកទី២ ចំនួន ៦០០០ហិកតា និងដំណាំរួមផ្សំចំនួន ២៣៥ហិកតា ជូនប្រពលរដ្ឋប្រមាណ ២៨៥០គ្រួសារ ក្នុងឃុំចំនួន៥ រួមមានឃុំកណ្តឹង ឃុំចំប៉ី ឃុំត្នោត ឃុំពារាម និងឃុំចំបក់ នៃស្រុកបាទី៕

ដោយ​៖ តារា​


ចែករំលែក៖