ភ្នំពេញ ៖ ស្រី្តម្នាក់បានរងរបួសធ្ងន់ សន្លប់នៅនឹងកន្លែងរហូតនិយាយរវើរវាយ ដោយសារតែចោរឆក់យកកាបូបលុយ របស់គាត់ដែលដាក់ទាក់ជាប់នឹងកម៉ូតូ ពេលធ្វើដំណើរតាមដងផ្លូវបណ្តាលឲ្យដួល ហើយក្រុមចោរបានយកកាបូបនោះជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព ។
ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១០និង១៥នាទី ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយ ផ្លូវលេខ៥៩៨ ក្នុងភូមិទំនប់សង្កាត់ភ្នំពេញ ថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ពត វុទ្ធី ភេទ ស្រី អាយុ៤៦ឆ្នាំ មានទីលំនៅក្នុងសង្កាត់បឹង កក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សាក្សីឃើញហេតុការណ៍នេះបានឲ្យ ដឹងថា មុនពេលកើតហេតុគេឃើញស្រី្ត រងគ្រោះបើកម៉ូតូម៉ាកស៊ុយហ្សុ៊យគី ស្មាស់រីវ៉ូ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល1M-2330 ធ្វើដំណើរតែម្នាក់ឯងតាមបណ្តោយផ្លូវលេខ៥៩៨ ពីជើងទៅ ត្បូងដោយដាក់កាបូបលុយថ្ពក់ជាប់នឹង កម៉ូតូ ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានចោរ២នាក់ ជិះម៉ូតូមិនស្គាល់ម៉ាកនិងស្លាកលេខមួយគ្រឿងមកក្បែរស្រី្ត រងគ្រោះរួចធ្វើសកម្មភាពឆក់យកកាបូប លុយពីលើ-កម៉ូតូបណ្តាលឲ្យដួលដាច់ថ្ពាល់ខាងស្តាំ និងជង្គង់សន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុតែម្តង ។ ចំណែកជនសង្ស័យបានផ្តាច់យកកាបូបលុយទាល់តែបានដោយ បន្សល់ទុកតែខ្សែកាបូបនៅជាប់នឹងកម៉ូតូ រួចនាំគ្នាជិះម៉ូតូគេចខ្លួនទៅទិសខាងត្បូងបាត់ទៅ ។
សាក្សីឲ្យដឹងទៀតថា បន្ទាប់ពីឃើញស្រី្តរងគ្រោះដួលសន្លប់យ៉ាងដូច្នេះប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាសែងមកជួយសង្គ្រោះនៅក្បែរចិញ្ចើមថ្នល់ដោយគក់ច្របាច់ឲ្យដឹងខ្លួនឡើងវិញ តែគាត់គ្មានស្មារតីនឹងនទេ ព្រោះពេលអ្នកជួយសង្គ្រោះសួរថា នៅក្នុងកាបូបដែលចោរឆក់យកទៅនោះមានអ្វីខ្លះ? បែរជាគាត់សួរគេវិញថា តើខ្ញុំកើតអី ?
បន្ទាប់មកទើបគេនាំគ្នាទាក់ទងទៅក្រុមគ្រួសារ ដែលមានទីលំនៅពីកន្លែងកើតហេតុប្រមាណ១៥០ម៉ែត្រឲ្យមកទទួលយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ និងយក ម៉ូតូទៅប្រើប្រាស់វិញ ដោយមិនបានទៅ ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីទេ ។
ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នេះមិនមែនកើតឡើង ជាលើក ទី១ទេដែលមានករណីចោរឆក់ កាបូប ឬទូរស័ព្ទដៃ នៅផ្លូវលេខ៥៩៨នេះ ការពិតឲ្យតែរាងស្ងាត់បន្តិចក្រុមចោរឆក់តែងធ្វើសកម្មភាពជាញឹកញាប់ណាស់ ហើយមិនសូវដែលឃើញសមត្ថកិច្ចចាប់ អារម្មណ៍ឬបង្រ្កាបបានម្តងណាឡើយ ៕ ប្រាថ្នា