ខេត្តកណ្តាលៈ បុរសជនជាតិខ្មែរឥស្លាមម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំចាប់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីសមត្ថកិច្ចឆែកឆេររកឃើញមានថ្នាំញៀនប្រភេទមេតមហ្វេតាមីនចំនួណ២កញ្ចប់ដែលបុរសរូបនេះរក្សាទុកជាប់ខ្លួន ដើម្បីជួញដូរទៅឲ្យអ្នកប្រើប្រាស់ ។ ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើង កាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនល្មើសជួញដូរគ្រឿងញៀនដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននោះឈ្មោះ ស៊េន ម៉ាត់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ នេសាទ មានទីលំនៅភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ។
ប្រភពដដែលបានបន្តថា ជនល្មើសខាងលើនេះជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្ម ត្រូវបានសមត្ថកិច្ចកំណត់និងតាមដានជាយូរមកហើយ តែកន្លងមកមិនមានវត្ថុតាងសម្រាប់ដាក់បន្ទុកចាប់ខ្លួន ។ លុះមកដល់រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ សមត្ថកិច្ចប៉ូលិសទទួលបានព័ត៌មានថាជនល្មើសខាងលើនេះធ្វើសកម្មភាពជួញដូរគ្រឿងញៀនទៅឲ្យអ្នកប្រើប្រាស់ ក៏ឆ្មក់ចូលទៅបង្រ្កាបឃាត់ខ្លួនជនល្មើសរួមជាមួយវត្ថុតាង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ