ភ្នំពេញ៖ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីអនាគត និងសម័យប្រជុំលើកទី៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៤ នៅទីក្រុងញូវយ៉ក។
លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា នឹងអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូលស្តីពីអនាគត ក្រោម មូលបទ «ដំណោះស្រាយពហុភាគីសម្រាប់ថ្ងៃស្អែកកាន់តែប្រសើរ» និងមហាសន្និបាតអង្គការសហប្រជា ជាតិ ក្រោមមូលបទ «ការមិនទុកនរណាម្នាក់ចោល៖ ធ្វើការរួមគ្នាដើម្បីលើកស្ទួយសន្តិភាព ការអភិវឌ្ឍ ប្រកបដោយចីរភាព និងសេចក្តីថ្លៃថ្នូរជាមនុស្ស សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត»
ក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិ លោកឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រី អាស៊ាន-សម្ព័ន្ធប៉ាស៊ីហ្វិក លើកទី៧ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 លើកទី២ និងកិច្ច ពិភាក្សាតុមូលអាហារពេលល្ងាចរៀបចំដោយក្រុមប្រឹក្សាធុរកិច្ចសម្រាប់ការយល់ដឹងអន្តរជាតិ។ លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងគ្រោងជួបពិភាក្សាទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និង ឥស្សរជនជាន់ខ្ពស់មកពីបណ្តាប្រទេសនានា ផងដែរ៕
ដោយ៖ តារា