ភ្នំពេញ ៖ បើសិក្សាពីចំណុចអវិជ្ជមាន ឃើញថា ៖ មានកត្តា៥យ៉ាងក្នុងជីវិតគូ ដែលជាហេតុនាំឱ្យកើតមានអំពើផិតក្បត់គ្នាកើតឡើង ដូច្នេះដើម្បីទទួលបានចំណុចល្អ និងអ្វីជាការបាត់បង់សីលធម៌ យើងត្រូវស្វែងយល់ដឹង រឿងដែលគួរឱ្យខ្លាចបំផុតសម្រាប់ជីវិតគូគឺខ្លាចកើតមានការផិតក្បត់ចិត្តគ្នាព្រោះមនុស្សគ្រប់រូបសុទ្ធសឹងតែចង់បានជីវិតគូដែលមានតែក្តីសុខ និងមានភាពស្មោះត្រង់ចំពោះគ្នា ប៉ុន្តែការដែលអាចកើតមានការផិតក្បត់គ្នាពេលខ្លះវាក៏មិនមែនជាកំហុសតែម្ខាងដែរ តែវាកើតចេញពីមនុស្សពីរនាក់។
ដូច្នេះហើយដើម្បីកុំឱ្យជីវិតគូកើតមានអំពើផិតក្បត់គ្នា មនុស្សស្រលាញ់គ្នាពីរនាក់ជាពិសេសមនុស្សពីរនាក់ដែលនៅក្នុងទំនាក់ទំនងប្តីប្រពន្ធ គឺមិនត្រូវព្រង្កើយ កន្តើយនឹងរឿងទាំងនេះទេព្រោះរឿងទាំងនេះគឺជាកត្តាដែលនាំហេតុឱ្យកើតមានការផិតក្បត់គ្នា នៅក្នុងជីវិតគូប្តីប្រពន្ធអ្នកបាន។
កត្តា៥យ៉ាងក្នុងជីវិតគូដែលជាហេតុនាំឱ្យកើតមានអំពើផិតក្បត់គ្នា៖
ទី១-កង្វះភាពស្និទស្នាលរវាងប្តីប្រពន្ធ ៖
-ដើមហេតុនៃការធ្វើឱ្យជីវិតគូកើតមានអំពើផិតក្បត់គ្នា គឺមកពីកង្វះភាពស្និទ្ធស្នាលរវាងប្តីប្រពន្ធទើបធ្វើឱ្យប្តីប្រពន្ធកាន់តែមានអារម្មណ៍នៅឆ្ងាយពីគ្នា ទោះគេងគ្រែជាមួយគ្នាតែមួយក៏ដោយម្យ៉ាងការខ្វះភាពស្និទ្ធស្នាលរវាងគ្នានេះហើយ ដែលធ្វើឱ្យប្តីប្រពន្ធឆាប់អស់អារម្មណ៍ស្រលាញ់គ្នាបានយ៉ាងងាយបំផុត។
ទី២-ទំនាក់ទំនងកាន់តែធុញទ្រាន់ ៖
-មនុស្សពីរនាក់ក្រោយពេលដែលរៀបការរួចគឺត្រូវជួបមុនគ្នារាល់ថ្ងៃ ដូច្នេះអាចនឹងធុញទ្រាន់គ្នាខ្លះ តែប្រសិនបើនៅក្នុងទំនាក់ទំនងប្តីប្រពន្ធនោះ ម្នាក់ៗមិនចេះរកនឹកអ្វីដែលធ្វើឱ្យប្តីប្រពន្ធកាន់តែមានមនោសញ្ជេតនាជាមួយគ្នាឬបង្កើតពេលវេលាល្អៗជាមួយគ្នាទេនោះវាក៏អាចជាដើមហេតុនៃការធ្វើឱ្យជីវិតគូកើតមានការផិតក្បត់គ្នាបានដែរ ព្រោះគ្មានអ្នកណាទ្រាំនៅក្នុងទំនាក់ទំនងដែលគួរឱ្យធុញទ្រាន់នោះទេ។
ទី៣-ពេលនៅក្បែរគ្នាប្តីឬប្រពន្ធផ្តោតទៅលើតែទូរស័ព្ទ ៖
-សម័យនេះគឺជាសម័យតាមដានណ្តាញសង្គម ដោយឡែករវាងប្តីប្រពន្ធ ម្នាក់ៗសុទ្ធសឹងតែនឿយហត់ក្នុងការធ្វើការងាររៀងៗខ្លួនរយៈពេលមួយថ្ងៃពេញ ទាល់តែយប់ទើបមានពេលបានឃើញ និងបានជួបគ្នា ប៉ុន្តែបើប្តីប្រពន្ធមានពេលវេលាជួបគ្នាបន្តិចបន្តួចបែបនេះហើយម្នាក់ៗបែរជាផ្តោតទៅលើតែការលេងទូរស័ព្ទ ជាងចំណាយពេលផ្អែមល្ហែមជាមួយគ្នាវាក៏ជាកត្តាមួយដែលធ្វើឱ្យប្តីប្រពន្ធឆាប់អស់ចិត្តពីគ្នាដែលឈានដល់ការផិតក្បត់គ្នាបានដែរ។
ទី៤-បើកសេរីភាពឱ្យគ្នាខ្លាំងពេក ៖
-អ្នករាល់គ្នាត្រូវដឹងនៅពេលដែលអ្នកបិទសិទ្ធសេរីភាព ឬបើកសេរីភាពឱ្យប្តីឬប្រពន្ធអ្នកខ្លាំងពេកវាសុទ្ធសឹងតែអាចធ្វើឱ្យប្តីឬប្រពន្ធរបស់អ្នក មានឱកាសក្នុងការផិតក្បត់អ្នកបានហេតុដូចនេះ បើមិនចង់ឱ្យកើតមានការផិតក្បត់គ្នា ប្តីប្រពន្ធមិនត្រូវបិទសិទ្ធសេរីភាពពេក ហើយក៏មិនត្រូវបើកសិទ្ធសេរីភាពខ្លាំងពេកដែរ ទើបគ្មានការផិតក្បត់គ្នាកើតមាននៅក្នុងជីវិតគូ។
ទី៥-ឈ្លោះគ្នាជាញឹកញាប់៖
-វាមិនចម្លែកនោះទេបើគ្រាន់តែប្តីប្រពន្ធឈ្លោះប្រកែកទាស់ទែងគ្នានោះ តែវានឹងក្លាយទៅជាបញ្ហាធំមួយប្រសិនបើប្តីប្រពន្ធឈ្លោះប្រកែកគ្នាជាញឹកញាប់ ព្រោះវានឹងធ្វើឱ្យទំនាក់ទំនងរវាងប្តីប្រពន្ធកាន់តែមានភាពសោះកក្រោះនឹងគ្នាបន្តិចម្តងៗ ដែលជាហេតុធ្វើឱ្យម្នាក់ៗចង់ចេញទៅរកក្តីសុខនៅខាងក្រៅ។
សូមបញ្ជាក់ថា ៖ ថ្ងៃនេះចុងសប្តាហ៍ផង ខ្ញុំក៏ចង់ដកស្រង់ពីបញ្ហាស្នេហា ដកចេញពីអក្សរសីល្ប៍ខ្មែរ អ្នកនិពន្ធរឿងប្រលោមលោក ច្រើនបង្កប់នូវ ទិដ្ឋភាពសង្គម ទិដ្ឋភាពទំនៀមទំលាប់ សាសនា សីលធម៌ គុណតម្លៃ មនុស្សប្រុសស្រី ជាមួយកត្តាស្មោះត្រង់ តស៊ូ គ្រប់យ៉ាងដើម្បីបុព្វហេតុ នៃសេចក្តីស្នេហា «ស្នេហាមួយ» ។
ក្នុងនោះលើកបន្តិច អំពី បញ្ហាស្នេហាក្នុងអក្សរសិល្ប៍ខ្មែរ ដែលធ្វើបទអត្ថាធិប្បាយដោយ វ៉ាន់ឌី កាអុន នៅក្នុងរឿងរាមកេរ្តិ៍ រឿងសាស្ត្រាល្បែងនានា ក៏ដូចជានៅក្នុងប្រលោមលោកទំនើប បញ្ហាស្នេហា ជាបញ្ហាមួយដ៏សំខាន់មិនអាចប្រកែកបាន។ នៅក្នុងរឿងរាមកេរ្តិ៍ ព្រះរាមនិងបរិវារធ្វើសង្គ្រាមជាមួយយក្សទសមុខ ក៏ព្រោះតែរឿងនាងសីតា រីឯនៅក្នុងរឿងពុទ្ធិសែន ឬរឿងនាងពីរដណ្តប់ នាងកង្រីឈឺរហូតដល់ស្លាប់ ក៏ព្រោះតែបាត់បុរសជាទីស្នេហា។ រឿងផ្កាស្រពោនរបស់លោក នូ ហាច ក៏ដូចគ្នាអ៊ីចឹងដែរ។
នៅក្នុងរឿងបិសាចស្នេហារបស់លោក ញ៉ុក ថែម នាងសារុន កើតចិត្តសងសឹកចង់សម្លាប់នាងសារីជាបងព្រោះតែចៅក្រមរដ្ឋជ្រើសរើសយកនាងសារី ហើយនៅទីបំផុតក៏សម្លាប់ខ្លួនតែម្តង។ ចំពោះរឿងទុំទាវ ទោះបីនាងទាវបានបោះបង់ទុំចោល ហើយទៅរៀបការជាមួយម៉ឺន ងួន វិញក្តី ក៏សម្រេចសម្រួចទៅសុខចិត្តស្លាប់ទៅតាមទុំដដែលជាដដែល។ បើនិយាយពីរឿងកាកីវិញដែលជារឿងកើតមានឡើងនៅ ក្នុងមជ្ឈដ្ឋានអភិជន សេចក្តីស្នេហាមានលក្ខណៈប្រាកដនិយមបំផុត គឺប្រៀបបានទៅនឹងទស្សនៈរបស់រាមាយណៈមហាបណ្ឌិត ឬលោកនាគប្រតិប អ្នកដែលបានចងក្រងរឿងស្រីហិតោបទេសដូច្នេះដែរ។
តាមការពិតទៅរឿងស្នេហាដែលអ្នកនិពន្ធទាំងនោះបានលើកឡើង សុទ្ធតែមានលក្ខណៈខុសគ្នាទាំងអស់។ ទោះជាយ៉ាងណាក្តី គេសង្កេតឃើញថា សេចក្តីស្នេហាដែលមានថាមពលដ៏ខ្លាំងក្លា ច្រើនជាសេចក្តីស្នេហាដែលជួបនឹងឧបសគ្គ ជួនកាលទៅជាឧបសគ្គសង្គម ឧបសគ្គគ្រួសារ ឧបសគ្គនយោបាយ ប៉ុន្តែបញ្ហាស្នេហាត្រីកោណ មិនសូវបានត្រូវអ្នកនិពន្ធខ្មែរលើកយកមកលាតត្រដាងឱ្យបានពិស្តារប៉ុន្មានទេ។ តើស្នេហាជាអ្វីទៅ? បានជាបង្កើតរឿងច្រើនបែបនេះ។ នៅក្នុងរឿងរាមកេរ្តិ៍ សេចក្តីស្នេហាកើត ចេញពីសម្ផស្សដ៏អស្ចារ្យគ្មានអ្វីអាចប្រៀបផ្ទឹមបានរបស់នាងសីតា គឺជាកម្មវត្ថុនៃការប៉ងប្រាថ្នារបស់អ្នក មានរិទ្ធិអំណាច គ្មានអ្នកមានរិទ្ធិអំណាចណាម្នាក់អាចបាត់បង់នាងបានឡើយ ព្រោះសម្ផស្សដ៏អស្ចារ្យ គ្មានពីរនេះ ក៏ជានិមិត្តរូបនៃអំណាចដូច្នេះដែរ គឺអំណាចគ្រប់គ្រងទៅលើមនោសញ្ចេតនារបស់ស្ត្រីភេទ ទន្ទឹមនឹងអំណាចអាណាចក្រទាំងមូល។ សេចក្តីស្នេហារវាងទុំនិងទាវ ជាសេចក្តីស្នេហាដែលកើតចេញពី ការរំភើបទៅវិញទៅមក គឺសេចក្តីស្នេហាម្យ៉ាង ដែលពុំអាចស្ថិតស្ថេរបានឡើយ កាលណារស់នៅផ្លូមជូរជាមួយគ្នាយូរពេក។ យ៉ាងណាមិញ សេចក្តីស្នេហារបស់នាងកាកីទៅលើរូបស្ដេចព្រហ្មទត្ត បានរលត់ទៅ វិញព្រោះតែការអផ្សុក ប៉ុន្តែបានកើតមានម្តងទៀត នៅពេលដែលនាងកាកីមានការរំភើបទៅលើសម្ផស្ស នៃបុរសម្នាក់ទៀត។ រីឯសេចក្តីស្នេហារបស់នាងកង្រីទៅលើពុទ្ធិសែនវិញ គឺជាសេចក្តីស្នេហាដាច់ខាត (amour absolu) គឺស្នេហាដ៏បរិសុទ្ធដែលគេនាំគ្នាចាត់ទុកថាជាសេចក្តីស្នេហាពិតប្រាកដ ប៉ុន្តែដែល គ្មានអ្នកណាអាចសម្រេចបាន។ ចំពោះបញ្ហាដែលចោទឡើងនៅក្នុងរឿងស្នេហានេះ គឺស្ថិតនៅត្រង់ថា តើគូស្នេហ៍អាចស្រឡាញ់អ្នកណាម្នាក់ទៀតបានទេ? នៅក្នុងករណីដែលគ្មានភ័ព្វសំណាងបានជួបគ្នា។ គេមិនអាចឆ្លើយនឹងសំណួរនេះដោយច្បាស់បានទេ ព្រោះអ្វីៗក៏អាស្រ័យនឹងធាតុ ព្រមទាំងលោកទស្សនៈ របស់បុគ្គលម្នាក់ៗដែរ។ ប្រការដែលគួរឱ្យកត់សម្គាល់គឺបាតុភូតនៃស្នេហា។ តាមការពិតគឺជាបាតុភូតចិត្ត សាស្ត្រតែប៉ុណ្ណោះ ពិសេសបញ្ហាសង្គមចិត្តសាស្ត្រតែម្តង។ ការដែលគួរឱ្យកត់សម្គាល់មួយទៀត គឺស្ថានភាពបរិយាកាសដែលបង្កើតសេចក្តីស្នេហា នៅក្នុងរឿងសាស្ត្រាល្បែងជាច្រើន តួអង្គបានជួបស្ថានការណ៍ ជាច្រើន ហើយស្ថានការណ៍កម្សត់នីមួយៗតែងតែនាំមកនូវសេចក្តីស្នេហាថ្មីៗទៀត ប៉ុន្តែដែលសម្រេច សម្រួចទៅគ្រប់គ្រងស្នេហាណាមួយក៏មិនបានដែរ បើរគេចង់បានទាំងអស់នោះ។ ហើយនៅទីបំផុតច្រើន ចេញទៅធ្វើជាតាបស ឥសីតាំងសីលរម្ងាប់កាមតណ្ហាឬដោះស្រាយវិបត្តិនៅក្នុងគ្រួសារ។ នៅសម័យយើង នេះគេសង្កេតឃើញជារឿយៗថា សេចក្តីស្នេហាច្រើនតែកើតឡើងហើយរលត់ទៅវិញ ព្រោះបញ្ហាសេដ្ឋកិច្ច បញ្ហាសង្គម បូករួមនឹងទស្សនៈអំពីជីវិតសម័យថ្មីដូចជាការអផ្សុក ការស្វែងរកការរំភើបថ្មីៗជាដើម ច្រើនតែជាកត្តាមួយដ៏សំខាន់ដែលពន្លត់ភ្លើងស្នេហាទៅវិញ បើពុំនោះសោតទេ គឺជាការស្វែងរកអនាគត ដូចនៅក្នុងរឿងសូផាតរបស់លោករឹម គឹន ដូច្នេះដែរ។ នៅត្រង់ចំណុចនេះគេអាចនិយាយបានថា អ្នកខ្លះ សុខចិត្តមានវិប្បដិសារី ជាងការសោកស្តាយ (Le Remords plutôt que le regret)៕
ដោយ ៖ សុខ ខេមរា(រូបភាព៖ តំណាង)