ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងច្បារមនឃាត់ខ្លួនក្មេងទំនើង១នាក់ករណីបង្ហោះម៉ូតូដែលប្រជាពលរដ្ឋថតបាន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុខខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ  លោកវរសេនីយ៍ទោ យ័ន្ត សង្ហា អធិការនៃអធិការដ្ឋាននគរបាលក្រុងច្បារមន ដឹកនាំផ្នែកយុត្តិធម៌ក្រុងច្បារមនទៅសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់រកាធំ បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន០១ នាក់។

   មន្ត្រីនគរបាលក្រុងច្បារមនបានឱ្យដឹងថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០៩:៣០ នាទី កម្លាំងផ្នែកយុត្តិធម៌សហការជាមួយកម្លាំងប៉ុស្ដិ៍រកាធំ បានស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង១នាក់ឈ្មោះ ភិន ស៊ីងថុង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិទួលសំណាង ឃុំវល្លិ៍.ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរកម្មកររោងចក្រ (អ្នកបង្ហោះម៉ូតូ) ដែលពាក់ព័ន្ធក្នុងករណី បង្ហោះម៉ូតូ ហើយប្រជាពលរដ្ឋថតបានរួចបង្ហោះតាម (Facebook) ។ 

   ក្រោយធ្វើការសាកសួរ ឈ្មោះភិន ស៊ីងថុង បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូម៉ាកហុងដា​ ឌ្រីម​ សេ១២៥​ ពណ៌​ខ្មៅ​ សេ៊រីឆ្នាំ២០២៥ ពាក់ស្លាកលេខ កំពង់ស្ពឺ ១z-​ ៨២១៤នៅចំណុចតាមដងផ្លូវជាតិលេខ០៤ ស្ថិតនៅក្នុងភូមិស្នោទី១ សង្តាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១១:៣០ នាទី ពិតប្រាកដមែន ។

   នគរបាលក្រុងច្បារមនបានហៅអាណាព្យាបាលមកទទួលដឹងឮនិងអប់រំ រួចហើយធានាយកកូនត្រឡប់ទៅលំនៅឋានវិញ។ ចំណែកម៉ូតូនគរបាលរក្សាទុកនៅអធិការដ្ឋានរយៈពេល៣ ខែ៕

ដោយ៖ សូរិយា


ចែករំលែក៖