ខេត្តស្ទឹងត្រែង ៖ នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នេះ លោក ស្រ៊ន សំឫទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារចុះផ្ទាល់ដើម្បីទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរតាមរថយន្តក្រុងដោយឥតគិតថ្លៃពីរាជធានីភ្នំពេញមកកាន់ខេត្តស្ទឹងត្រែង។ គិតត្រឹមម៉ោង ៤:០០ នាទីរសៀលនេះ រថយន្តក្រុងចំនួន ១៣ គ្រឿង ដែលបានដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៥៤៥ នាក់ បានមកដល់គោលដៅប្រកបដោយសុវត្ថិភាព និងស្នាមញញឹមរីករាយ។
សកម្មភាពដ៏មានអត្ថន័យនេះ គឺជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគិតគូរពីសុខុមាលភាព និងជួយសម្រាលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការរៀបចំរថយន្តក្រុងដឹកជញ្ជូនដោយឥតគិតថ្លៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ សេវាកម្មដឹកជញ្ជូនដ៏សប្បុរសនេះ នឹងបន្តផ្ដល់ជូនបងប្អូនចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីធានាថាបងប្អូនទាំងអស់គ្នាអាចធ្វើដំណើរទៅមកជួបជុំក្រុមគ្រួសារ និងត្រឡប់ទៅបំពេញការងារវិញបានយ៉ាងងាយស្រួល និងកក់ក្តៅបំផុត។
ក្នុងឱកាសសំណេះសំណាលនោះ លោកអភិបាលរងខេត្ត ក៏បានពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីស្រឡាញ់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងបានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរីករាយក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី ក្នុងទឹកដីខេត្តស្ទឹងត្រែងយើង ប្រកបដោយក្តីសប្បាយរីករាយ និងសុវត្ថិភាពគ្រប់ៗគ្នា ៕

ទូរទស្សន៍ខេត្តស្ទឹងត្រែង
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច