ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជំនាញអាជ្ញាធរជាតិអប្សរា រៀបចំការងារត្រៀមជួសជុលខ្លោងទ្វារទី២ខាងកើតប្រាសាទបន្ទាយប្រី

ចែករំលែក៖

ខេត្តសៀមរាប ៖ ខ្លោងទ្វារទី២នៃប្រាសាទបន្ទាយប្រី ដែលមានសភាពទ្រុឌទ្រោមខ្លាំង ហើយថ្មមួយចំនួនបានធ្លាក់នៅរាយប៉ាយ និងមួយចំនួនទៀតកប់ក្នុងដី ត្រូវបានក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា ស្វះស្វែងផ្គុំឡើងវិញ។

លោក ជា សារិទ្ធិ បុរាណវិទូ អ្នកគ្រប់គ្រងការដ្ឋានបានឱ្យដឹងថា ខ្លោងទ្វារទី២នេះ មានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយផ្នែកខ្លះនៃរចនាសម្ពន្ធខ្លោងទ្វារបានរលុះធ្លាក់ចេញទីតាំងដើម ដោយសារតែកង្វះការថែទាំ អាយុកាលនៃសំណង់គ្រឹះចុះខ្សោយ និងគុណភាពថ្មមួយចំនួនពុកផុយជាដើម។ អ្នកជំនាញរូបនេះបន្តថា ក្នុងឆ្នាំ២០២៤ ក្រុមការងារបានស្រាវជ្រាវឯកសារ ធ្វើសម្រង់ប្លង់ កំណាយរកថ្ម រៀបផ្គុំថ្មសាកល្បង ជួសជុលគ្រឹះ នឹងបន្តជួសជុលតួខ្លោងទ្វារក្នុងឆ្នាំ២០២៥ខាងមុខ។

លោក សារិទ្ធិ បញ្ជាក់ថា ការងាររកថ្មដែលចាប់ផ្ដើមតាំងពីពាក់កណ្តាលខែសីហាមក រកឃើញថ្មប្រមាណពី៧០ ទៅ៨០ភាគរយ ដែលជាផ្នែកនៃរចនាសម្ព័ន្ធហោជាង និងដំបូលនៅទិសខាងកើត ទិសខាងជើង និងទិសខាងលិច រួមទាំងជញ្ជាំងជ្រុងពាយ័ព្យផង ។

លោក ស្វើយ សុផល អ្នកជំនាញស្វែងរកថ្ម ឱ្យដឹងថា ទោះបីខ្លោងទ្វារប្រាសាទបន្ទាយប្រី មានសភាពតូចនិងថ្មមានចំនួនតិចក្តី ក៏មិនមានភាពងាយស្រួលប៉ុន្មានឡើយ។ ការស្វែងរកទីតាំងដើមនៃថ្មនីមួយៗ ត្រូវដឹងពីដំណរថ្មពីមួយដុំទៅមួយដុំទៀត ដែលទាមទារការព្យាយាម និងភាពអត់ធ្មត់។ ម្យ៉ាងទៀត ថ្មមួយចំនួនបានបាត់បង់ និងខូចខាតធ្វើឱ្យពិបាកសម្គាល់។ ទោះបីយ៉ាងណា ក្រុមការងារបានខិតខំឱ្យស្វែងរកថ្មដើម្បីយកមកបំពេញនូវរចនាសម្ពន្ធខ្លោងទ្វារឱ្យរឹងមាំឡើងវិញ៕

ប្រភព ៖ អាជ្ញាធរជាតិអប្សរា


ចែករំលែក៖