ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ប៉ងលោតទឹកសម្លាប់ខ្លួនតែមិនបានសម្រេច ត្រូវសមត្ថកិច្ចអន្តរាគមន៍ទាន់ពេល

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូ១គ្រឿងមកលេីស្ពានព្រះមុនីវង្សចាស់ រួចឈរកាន់បង្កាន់ដៃស្ពានប៉ងលោតទឹក តែត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចចរាចរណ៍ប្រចាំការគោលដៅក្រោមស្ពានអាកាសក្បាលថ្នល់ជួយលួងលោមឱ្យចុះមកវិញ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២៤ នៅចំណុចលេីស្ពានព្រះមុនីវង្សចាស់ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ 

បេីតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុឃើញបុរសម្នាក់វ័យប្រហែល៣៥ឆ្នាំ ជិះម៉ូតូ១គ្រឿងម៉ាកKAMAX SUPER PRO ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1KZ-5606 ឆ្នាំផលិត២០២៤ បានជិះមកឈប់លេីស្ពាននិងតោងបង្កាន់ដៃស្ពានទាំងពាក់មួកសុវត្ថិភាព ដោយទឹកមុខក្រៀមក្រំហាក់បីដូចជាមានវិបត្តិក្នុងចិត្ត​ ទេីបប្រជាពលរដ្ឋឃេីញដូច្នេះក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន​ និងសមត្ថកិច្ចចរាចរណ៍ដែលប្រចាំការនៅគោលដៅក្រោមស្ពានអាកាសក្បាលថ្នល់ឲ្យមកពិនិត្យជាក់ស្ដែង​ ។  

​     បន្ទាប់ពីទទួលបានព័ត៌មានខាងលេី​ភ្លាម សមត្ថកិច្ចការិយាល័យចរាចរណ៍រាជធានីភ្នំពេញបានសហការជាមួយសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ ខណ្ឌច្បារអំពៅ​ ចុះទៅជួយលួងលោម​ សម្របសម្រួលដល់ជនរងគ្រោះដោយប្រើពេល៣០នាទី​ទេីបបុរសខាងលេីចុះពីលេីខឿនស្ពានដោយមិននិយាយអ្វីទាំងអស់​ និងត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២​ រួមទាំងម៉ូតូ​ ដេីម្បីឲ្យសាច់ញាតិក្រុមគ្រួសារមកទទួលយកទៅផ្ទះសម្បែងណែនាំឱ្យគិតរឿងល្អៗរស់នៅបន្តទៀត​៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖