ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីក្នុងពិធី​ប្រគល់​សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចសរុប ៣,៥៣០នាក់ នារី ១,៨២២នាក់។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ មានដូចខាងក្រោម​៖

-សម្តេចធិបតី ថ្លែងអំណរគុណដល់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក៏ដូចជាសាកលវិទ្យាល័យនានា ដែលបានផ្ដល់ឱកាសល្អឱ្យនិស្សិតបានបន្តការសិក្សាថ្នាក់ឧត្តមសិក្សាបានបញ្ចប់នៅថ្ងៃនេះ ខណៈឱកាសនេះ អាចទទួលបានដោយសារតែកត្តាសន្ដិភាព និងស្ថិរភាពនៅក្នុងសង្គម។

-សម្តេចធិបតី ថ្លែង​ថា ពីមុនយើងរកតែគ្រូបង្រៀនក៏លំបាក ប៉ុន្ដែពេលនេះ យើងមានធនធានគ្រូ និងនិស្សិតដែលអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោកបាន។

-សម្តេចធិបតី ថ្លែង​កោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលខិតខំធ្វើកំណែទម្រង់វិស័យអប់រំកម្ពុជា ឱ្យមានការរីកចម្រើនដូចបច្ចុប្បន្ន ជាពិសេសការកែសម្រួលគោលនយោបាយថ្នាក់បឋមរហូតដល់ថ្នាក់ឧត្តមសិក្សា និងគោលនយោបាយបច្ចេកវិទ្យាឌីជីថល។

-សម្តេចធិបតី ថ្លែងថា​ រាជរដ្ឋាភិបាលជាច្រើនអាណត្តិមក ហើយបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍធនធានមនុស្សគឺជាអាទិភាពទី១ ដែលបានធ្វើការវិនិយោគជាច្រើនក្នុងការអភិវឌ្ឍធនធានគ្រូបង្រៀន និងកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀន។

-សម្តេចធិបតី ថ្លែងថា​ ប្រទេសយើងចប់សង្គ្រាមហើយ អ្វីដែលយើងត្រូវធ្វើពេលនេះ គឺរួមគ្នាខិតខំកសាងប្រទេសជាតិ និងកសាងធនធានមនុស្សយើងឱ្យមានគុណភាព។

-សម្តេចធិបតី ថ្លែងថា​ ការវិនិយោគជាមួយវិស័យធនធានមនុស្សនេះហើយ ដែលអាចឱ្យប្រជាពលរដ្ឋអាចរស់ដោយខ្លួនឯងបាន។ នៅពេលពលរដ្ឋអាចរស់ដោយខ្លួនឯងបាន ពេលនោះសេដ្ឋកិច្ចប្រទេសជាតិក៏មានការរីកចម្រើនដែរ។

-សម្តេចធិបតី ថ្លែងថា​ ចំណេះដឹង សមត្ថភាពអាចជួយឱ្យមនុស្សអាចមានសមត្ថភាព កំណត់ឯករាជ្យភាពលើដំណើរជីវិតរបស់ខ្លួនឱ្យមានការរីកចម្រើនទៅមុខបាន។

-សម្តេចធិបតី ថ្លែងថា​ ពេលមានហេតុការណ៍អ្វីមួយកើតឡើងទ្រព្យសម្បត្តិផ្សេងៗអាចបាត់បង់ ប៉ុន្ដែចំណេះ,ជំនាញដែលយើងមានជាប់នៅក្នុងខ្លួនគឺមិនបាត់បង់ទេ។ នៅពេលយើងមានចំណេះជំនាញច្បាស់លាស់ក្រោយពេលគ្រោះមហន្តរាយ ឬហេតុការណ៍អ្វីនោះ បញ្ចប់យើងអាចយកវាមកកសាងជីវិត ឬប្រទេសជាតិឡើងវិញបាន។

-សម្តេចធិបតី ថ្លែងថា​ នៅពេលយើងមានធនធានមនុស្សអាចឱ្យយើងមានភាពបត់បែន និងចាប់យកឱកាសថ្មីៗ ដូច្នេះមូលដ្ឋានធនធានមនុស្សនេះគឺសំខាន់ណាស់ដើម្បីឱ្យប្រទេសកម្ពុជាអាចមានភាពធន់ និងភាពប្រកួតប្រជែងជាមួយប្រទេសផ្សេងៗ នៅលើពិភពលោក។

-សម្ដេចធិបតី​ ថ្លែងថា​ គោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តទៅអនាគតគឺធនធានមនុស្សវិនិយោគទៅលើវិស័យអប់រំ ឲ្យកាន់តែមានប្រសិទ្ធភាព បើកលំហរដើម្បី​ច្នៃប្រឌិត​ទាន់ពេលវេលា។ ឥឡូវយើងមានគ្រឹះស្ថានច្រើន ដែលពីមុនយើងបញ្ជូននិស្សិតទៅក្រៅប្រទេស។

-សម្តេចធិបតី ថ្លែង​កោតសរសើរដល់ក្រសួងមុខងារសាធារណៈ ចំពោះការរឹតបន្តឹងការប្រឡងក្របខណ្ឌមន្រ្ដីរាជការនាដើមអាណត្តិទី៧នេះ។ សម្ដេច ជំរុញឱ្យបន្តអនុវត្តការរឹតបន្ដឹងការប្រលងបែបនេះ បន្តទៀត ដើម្បីជ្រើសរើសធនធានមនុស្ស ដែលមានសមត្ថភាពពិតប្រាកដចូលបម្រើការងារនៅតាមក្រសួងស្ថាប័ននានា។

-សម្តេចធិបតី ថ្លែង​ណែនាំឱ្យធ្វើការពង្រឹងលើការអនុវត្តច្បាប់ចរាចរណ៍ ខណៈបច្ចុប្បន្នករណីគ្រោះថ្នាក់ចរាចរណ៍នៅតែកើតឡើងច្រើន និងជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់។ សម្ដេចក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើកបរដោយមានការយោគយល់គ្នានាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

-សម្តេចធិបតី ណែនាំ​ឱ្យក្រសួងយុត្តិធម៌ពិនិត្យ និងដាក់បណ្ដឹងឧទ្ធរណ៍ ករណីសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់៤នាក់ និងរបួសអ្នកដទៃ នៅចំណុចស្ពានឬស្សីកែវ ដាក់ពន្ធនាគារកំណត់រយៈពេល ០៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០ ០០០ ០០០ (ម្ភៃលាន)រៀល ពីបទ “បើកបរស្ថិតក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ” ប្រព្រឹត្តនៅចំណុចស្ពានឬស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ និងស្ពានឬស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។

-សម្តេចធិបតី ថ្លែងថា​ «ខ្ញុំមិនល្អឥតខ្ចោះទេ ហើយការងារក៏ខ្ញុំមិនអាចបំពេញអស់ដែរ។ ខ្ញុំក៏តែងតែត្រូវមាត់មេដែរ។ ដូច្នេះយើងត្រូវខិតខំកែលម្អ និងពង្រឹងសមត្ថភាពជានិច្ច»។

-សម្ដេចធិបតី ស្នើជាថ្មីចំពោះស្ថាប័នអយ្យការ ស្ថាប័នតុលាការទូទាំងប្រទេស សូមពន្លឿនការអនុវត្តច្បាប់ ឲ្យបានរឹងមាំចំពោះជនល្មើស ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គម ។

-សម្តេចធិបតី ថ្លែងថា​ ទោះបីកម្ពុជាបញ្ចប់កិច្ចសហប្រតិបត្តិការ CLV-DTA ប៉ុន្ដែកម្ពុជាមិនបានបញ្ចប់គោលដៅធំរបស់ខ្លួនឡើយ គឺការអភិវឌ្ឍខេត្តតាមបន្ទាត់ព្រំដែន ជាពិសេសខេត្តទិសឦសានទាំង៤របស់កម្ពុជា។

-សម្តេចធិបតី ថ្លែងថា​ រឿងមាន DTA ឬមិនមាន DTA មិនសំខាន់ទេ ប៉ុន្ដែអ្វីដែលសំខាន់គឺកម្ពុជាត្រូវបន្តការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងបន្តអភិវឌ្ឍន៍ខេត្តជាប់ព្រំដែន និងបោះបង្គោលព្រំដែនដែលនៅសេសសល់បន្ថែមទៀត។

-សម្តេចធិបតី ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់ទិសទី ដែលមកដល់ពេលនេះ បានចូលរួមជាង ៧០ ម៉ឺននាក់ ជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន ដែលគិតជាថវិកាបានជាង ២១លានដុល្លារហើយ ដើម្បីចូលរួមកសាង​ផ្លូវក្រវាត់ព្រំដែនខេត្តទិសឦសានរបស់កម្ពុជា​។

-សម្តេចធិបតី ថ្លែងថា​ CLMV គឺជាយន្តការរបស់អាស៊ាន ដើម្បីអភិវឌ្ឍន៍ប្រទេសក្នុងតំបន់អាស៊ាន ដែលបានផ្ដួចផ្ដើមឡើង នាអំឡុងពេលជាង ២៥ ឆ្នាំមុន នាពេលប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ចូលជាមាជិកប្រទេសអាស៊ាន។ ហើយ CLMV គឺជាគោលដៅយុទ្ធសាស្រ្ដអាស៊ាន ក្នុងការជំរុញការអភិវឌ្ឍប្រទេសទាំង៤ ដែលមានសេដ្ឋកិច្ចមិនទាន់លូតលាស់ឱ្យមានការអភិវឌ្ឍស្របគ្នា ក្នុងចំណោមប្រទេសសមាជិកអាស៊ាន។

-សម្ដេចធិបតី ថ្លែង​ថា ការដោះដូររដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងក្រសួងអធិការកិច្ច គឺដើម្បីជំរុញ និងបង្កើនល្បឿនការងារឱ្យកាន់ តែមានប្រសិទ្ធភាពថែមទៀត ហើយជាការដកបទពិសោធគ្នាទៅវិញទៅមករវាងសមាសភាពរាជរដ្ឋាភិបាលអាណត្តិទិ៧៕

ដោយ​៖ តារា​


ចែករំលែក៖