ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តក្រុមហ៊ុនចិនបង្កើនការវិនិយោគនៅកម្ពុជា

ចែករំលែក៖

ប្រទេសចិន ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ និងលើកទឹកចិត្តដល់អ្នកវិនិយោគចិន ឱ្យបង្កើនការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ឱ្យបានច្រើនឡើង ស្របតាមកិច្ចព្រមព្រៀងនៃថ្នាក់ដឹកនាំប្រទេសទំាងពីរបានដាក់ចេញនៅក្នុងការកសាងសហគមន៍ជោគវាសនារួម កិច្ចសហប្រតិបត្តិត្បូងពេជ្រ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ 

ការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេច និងគណៈប្រតិភូ អញ្ជើញទស្សនាសួនឧស្សាហកម្មនៅក្រុងសៀងហៃ នៅព្រឹកថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៤។ 

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាបានយកចិត្តទុកដាក់និងគំាពារ ដល់អ្នកវិនិយោគទាំងបរទេសនិងក្នុងស្រុក តាមរយៈការកសាងច្បាប់ និងការដាក់ចេញនូវយន្តការ លើកទឹកចិត្ត ទាក់ទាញ ប្រកបដោយភាពជាក់លាក់និងបត់បែន។ អ្វីដែលសំខាន់នោះគឺកក្តាសុខសន្តិភាព ស្ថិរភាពសង្គម ដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ក្នុងការខិតខំប្តេជ្ញាការពារធានាជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគទំាងអស់។ 

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បន្តថា ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានអនុវត្តនូវយន្តការសន្ទនាជាមួយវិស័យឯកជន ជាប់ជាប្រចាំ តាមរយៈការរៀបចំវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការគំាទ្រនិងលើកទឹកចិត្តដល់ការធ្វើវិនិយោគដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋ អភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ ក្នុងគោលដៅអភិវឌ្ឍន៍កម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។ 

ក្រុមហ៊ុនធំៗនៅក្រុងសៀងហៃ ដែលសម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូ អញ្ជើញទស្សនកិច្ចមាន ក្រុមហ៊ុន TIANMA និងក្រុមហ៊ុន SONGZ។ ក្រុមហ៊ុន TIANMA ផលិតគ្រឿងបន្លាស់អេក្រង់ទូរសព្ទ និងអេក្រង់ផលិតផលជាច្រើនទៀត នៅក្នុងឧស្សាហកម្មរថយន្ត សម្ភារៈវេជ្ជសាស្រ្ត ជាដើម។ ចំណែក ក្រុមហ៊ុន SONGZ ជាក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់រថយន្ត និងរថភ្លើងល្បឿនលឿន។ 

បន្ទាប់មកគណៈប្រតិភូបានអញ្ជើញទស្សនាអគារ Oriental Pearl Tower ដែលជានិមិត្តរូបមួយនៃក្រុងសៀងហៃ ដែលនៅទីនោះគណៈប្រតិភូបានទស្សនា សារមន្ទីរសៀងហៃ ដែលមានការតំាងបង្ហាញរូបភាពពីដំណើរការគ្រប់គ្រងសង្គម សេដ្ឋកិច្ច របស់ក្រុងសៀងហៃ កាលពីអតីតកាលផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖