ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី ទិវាគ្រូបង្រៀន ៥ តុលា ២០២៤ ក្រោមប្រធានបទ “ការអភិវឌ្ឍគ្រូបង្រៀនគឺដើម្បីអភិវឌ្ឍមូលធនមនុស្ស ឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ដែលប្រារព្ធនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានការចូលរួមពី លោក សាដា អ៊ូម៉ាអាឡាំ ប្រធានអង្គការយូណេស្កូប្រចាំកម្ពុជា ឯកឧត្តម លោក ជំទាវ ថ្នាក់ដឹកនាំក្រសួង មន្ត្រីមកពីអង្គភាពពាក់ព័ន្ធ តំណាងមន្ទីរអប់រំរាជធានី ខេត្តទាំង ២៥ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ។
ថ្លែងក្នុងឱកាសនេះ តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការបោះពុម្ពផ្សាយ របាយការណ៍បង្ហាញពីសមិទ្ធផលស្តែងចេញពីកំណែទម្រង់នេះចាប់តាំងពីឆ្នាំ២០១៤មក រួមមានការកែលម្អគ្រឹះស្ថានអប់រំគ្រូបង្រៀន ការលើកកម្ពស់គុណវុឌ្ឍនិងស្តង់ដាគ្រូបង្រៀន និងការវិនិយោគលើការអភិវឌ្ឍគ្រូបង្រៀន និងកិច្ចខិតខំប្រឹងប្រែងក្នុងការជ្រើសរើសគ្រូបង្រៀនប្រកបដោយជោគជ័យនាពេលថ្មីៗនេះ។ យូណេស្កូ ទទួលស្គាល់ថាគ្រូបង្រៀនគឺជាបេះដូងនៃការអប់រំ ដែលជាមធ្យោបាយដ៏មានឥទ្ធិពលបំផុតក្នុងការលើកកម្ពស់ធនធានមនុស្ស ការសម្រេចបាននូវវឌ្ឍនភាពសង្គម និងបរិវត្តកម្មសង្គមកម្ពុជា។ ក្នុងឱកាសប្រារព្ធទិវាគ្រូបង្រៀនថ្ងៃនេះ យើងរួមគ្នារំឭកដល់គុណូបការៈនិងឥទ្ធិពលដ៏ធំធេងរបស់គ្រូបង្រៀន និងរួមគ្នាធានាឱ្យបានថាគ្រូបង្រៀនគ្រប់រូបទទួលបានការគាំទ្រគ្រប់គ្រាន់ ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញសម្រាប់ការដឹកនាំនិងត្រួសត្រាយផ្លូវដល់យុវជនកម្ពុជាជំនាន់ក្រោយ តាមរយៈការផ្តល់ឱកាសអភិវឌ្ឍវិជ្ជាជីវៈ ឧបករណ៍និងវិធីសាស្ត្របង្រៀនប្រកបដោយនវានុវត្តន៍ សមត្ថភាព ឌីជីថល និងការលើកកម្ពស់ឋានៈវិជ្ជាជីវៈដល់គ្រូបង្រៀន និងធានាបានថាកុមារកម្ពុជាគ្រប់រូបនឹងរីកលូតលាស់ មានបំណិនមូលដ្ឋានគ្រឹះរឹងមាំក្នុងការសម្រេចបាននូវជោគជ័យនាពេលអនាគត។
ក្នុងឱកាសនេះដែរ តាងនាមរដ្ឋាភិបាលបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានអនុវត្តបេសកកម្មរបស់ខ្លួនប្រកបដោយជោគជ័យគួរឱ្យកត់សម្គាល់ ក្នុងការងារលើកកម្ពស់គុណវុឌ្ឍិ និងតម្លៃរបស់គ្រូបង្រៀននាពេលកន្លងមក ជាពិសេសការដាក់ចេញនូវកំណែទម្រង់សាលាគរុកោសល្យ ដែលជាកំណែទម្រង់អាទិភាពមួយ ដើរស្របគ្នាជាមួយនឹងកំណែទម្រង់សាលារៀន ដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សនៅគ្រប់កម្រិត ព្រមទាំងកំណត់យក “កំណែទម្រង់សាលាគរុកោសល្យ ឆ្ពោះទៅរកចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០” ជាប្រធានបទនៃការប្រារព្ធទិវាគ្រូបង្រៀននៅក្នុងឆ្នាំនេះផងដែរ។
ឆ្នាំនេះ ទិវាគ្រូបង្រៀននៅថ្នាក់ជាតិ ក្រោមប្រធានបទ “ការអភិវឌ្ឍគ្រូបង្រៀនគឺអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” គឺដើម្បីបង្ហាញអំពី ទិសដៅគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការចូលរួម និងកសាងមូលដ្ឋានគ្រឹះពាក់ ព័ន្ធនឹងការអភិវឌ្ឍគ្រូបង្រៀន តាមរយៈកំណែទម្រង់សាលាគរុកោសល្យគ្រប់ជ្រុងជ្រោយ ស្របតាមខ្លឹមសារនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តកម្មឧស្សាហកម្ម៤.០ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា និងតម្រូវការក្នុងការលើកកម្ពស់ផលិត ភាពសេដ្ឋកិច្ច ដែលជាគ្រឹះដ៏សំខាន់ក្នុងការសម្រចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ ការអភិវឌ្ឍមូលធនមនុស្សដែលមានសមត្ថភាព និងភាពឆ្លើយតបទៅនឹងតម្រូវការនៃមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា គឺជាភាពចាំបាច់ ដែលមិនអាចរំលងបាន និងទាមទារឱ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវអនុវត្តកិច្ចការកំណែទម្រង់អប់រំជាច្រើន ដោយផ្តើមចេញពីកំណែទម្រង់ថ្នាក់ជាតិ ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព។
គ្រូបង្រៀនគឺជាភ្នាក់ងារដ៏សំខាន់ ក្នុងការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។ ការបង្កើនគុណភាព និងឧត្តមភាពរបស់គ្រូបង្រៀន គឺជាកត្តាគន្លឹះ ដោយក្រសួងនឹងបន្តកំណែទម្រង់សាលាគរុកោសល្យពោលគឺ ការប្រែ ក្លាយសាលាគរុកោសល្យ ឱ្យក្លាយទៅជាមជ្ឈមណ្ឌលឧត្តមភាពក្នុងការបណ្តុះបណ្តាល និងវិក្រឹតការគ្រូ បង្រៀនគ្រប់កម្រិត ដើម្បីធានាបាននូវ គុណភាព និងឧត្តមភាព ឆ្លើយតបនឹងតម្រូវការក្នុងបរិបទថ្មីនេះ។ ការអភិវឌ្ឍគ្រូបង្រៀន ត្រូវការនូវគោលនយោបាយអប់រំគ្រូបង្រៀនដែលគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃតម្រូវការអប់រំជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច -សង្គម និងការលើកកម្ពស់ឋានៈរបស់គ្រូបង្រៀននៅក្នុង សង្គម។ ហេតុដូចនេះហើយ ទើបគោលនយោបាយស្តីពី គ្រូបង្រៀន ត្រូវបានអភិវឌ្ឍ និងកែលម្អជាបន្តបន្ទាប់ ដើម្បី៖ ១).ទាក់ទាញ
និងលើកទឹកចិត្តអ្នកមានសមត្ថភាពឱ្យប្រកបវិជ្ជាជីវៈជា
គ្រូបង្រៀន ២).ធានាការបណ្តុះបណ្តាលមុនពេលបម្រើការងារជាគ្រូបង្រៀន ៣).ធានាការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀនក្នុងពេលបម្រើ ការងារជាប់ជាប្រចាំ និង ៤).ធានាលក្ខខណ្ឌចាំបាច់ចំពោះគ្រូបង្រៀនក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធ។
ជាថ្មីម្តងទៀត តាងនាមរាជរដ្ឋាភិបាលកម្ពុជាបណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកគ្រូ អ្នកគ្រូទាំងអស់នៅទូទាំងប្រទេស ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីបង្ហាត់បង្រៀនសិស្សឱ្យទទួលបានចំណេះ ដឹង ជំនាញ សីលធម៌ ចរិយាធម៌ និងកាយសម្បទារឹងមាំ ដើម្បីក្លាយជាពលរដ្ឋល្អ ជាសសរទ្រូងដ៏រឹងមាំក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកច្រើន និងស្នើដល់លោកឪពុក អ្នកម្តាយ និងអ្នកឤណាព្យាបាលទាំងអស់ សូមចូលរួមចំណែកឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ក្នុងការជួយអប់រំកូនចៅឱ្យចេះគោរពឱនលំទោន មានចរិយាល្អ មាន គុណធម៌ និងចេះដឹងគុណគ្រូដែលជាអ្នកបង្ហាត់បង្រៀនឱ្យកូនចៅរបស់យើងឱ្យមានចំណេះដឹងជំនាញសមត្ថ ភាព ទេពកោសល្យ ដឹងខុសដឹងត្រូវ ស្គាល់ល្អ ស្គាល់ឤក្រក់យល់ការណ៍រាក់ជ្រៅនិងកសាងអនាគតបានភ្លឺ ស្វាង ក្លាយជាកម្លាំងចលករចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាឱ្យរីកចម្រើនប្រកបដោយចីរភាព៕
ដោយ៖ សូរិយា