ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចចំនួនប្រមាណ ៣.៥៣០ អង្គ/នាក់។
ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចមហាបរវធិបតី បានលើកឡើងថា ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឱ្យរីកចម្រើនមកដល់បច្ចុប្បន្ន អាស្រ័យលើកត្តាសំខាន់ៗមួយចំនួន ដូចជា ទី១) កត្តាសុខសន្តិភាព និងស្ថិរភាពសង្គម ដែលបានផ្តល់ឱកាសឱ្យយើងឈប់ប្រយុទ្ធគ្នា ហើយរួមគ្នាកសាងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជាពិសេស លើវិស័យអប់រំដែលជាកត្តាគន្លឹះក្នុងការអភិវឌ្ឍមូលធនមនុស្ស ។ ទី២) ដោយសារការរីកចម្រើននៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ដែលសំដៅដល់លទ្ធភាពនៅក្នុងការបង់ថ្លៃសិក្សារបស់និស្សិត ក្រៅពីនិស្សិតជាប់អាហារូបករណ៍ ពោលគឺបើសិនប្រជាពលរដ្ឋមិនមានជីវភាពល្អប្រសើរក៏មិនអាចឱ្យកូនបន្តការសិក្សាដល់កម្រិតឧត្តមសិក្សាបានទ្បើយ ។ ចំណុចទី៣) ភាពទូលំទូលាយក្នុងការទទួលបានការអប់រំថ្នាក់ឧត្តមសិក្សា ដោយសារគោលនយោបាយនៃការផ្តល់ឱកាសឱ្យវិស័យឯកជនបានចូលរួមចំណែកអភិវឌ្ឍលើវិស័យអប់រំ ដោយមានការបង្តើតសកលវិទ្យាល័យឯកជនជាច្រើន ទាំងកម្រិតជាតិ និងអន្តរជាតិ ដើម្បីផ្តល់ឱកាសសម្បូរបែបសម្រាប់យុវជនក្នុងការជ្រើសរើសមហាវិទ្យាល័យដែលពួកគេចង់រៀន ។ ហើយការបើកចំហឱ្យវិស័យឯកជនបានចូលរួមនេះទៀតសោត ក៏បានឆ្លើយតបទៅនឹងកំណើនសិស្សបញ្ចប់កម្រិតទុតិយភូមិប្រមាណ ២០ម៉ឺននាក់ក្នុង ១ឆ្នាំ ។ លើសពីនេះ ក៏ជាការផ្តល់ឱកាសឱ្យវិស័យឯកជនបានចូលរួមចំណែកដល់ការលើកកម្ពស់គុណភាពអប់រំ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេសអប់រំ ជាមួយដៃគូរនានារបស់ខ្លួននៅក្រៅប្រទេស ។
សម្តេចធិបតី បានលើកផងដែរថា រាជរដ្ឋាភិបាលគ្រប់អាណត្តិ ជាពិសេស អាណត្តិទី៧ នៃរដ្ឋសភា បន្តយកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ ហើយបានចំណាយថវិកា យ៉ាងច្រើនលើវិស័យនេះ ជាក់ស្តែង នៅក្នុងឆ្នាំ២០២០ បានចំណាយថវិកាជាតិប្រមាណជាង ៧៨២ លានដុល្លារ ហើយនៅក្នុងឆ្នាំ២០២៤ នេះ ត្រូវបានដំឡើងដល់ជាង ៩១១ លានដុល្លារ ក្នុងគោលដៅធ្វើការកែលំអរហេដ្ឋារចនាសម្ព័ន្ធ បៀវត្សគ្រូបង្រៀន និងកិច្ចការសំខាន់ៗជាច្រើនទៀតក្នុងវិស័យអប់រំ ដើម្បីទទួលបានធនធានមនុស្សមានសមត្ថភាព មានឯករាជ្យម្ចាស់ការ មានសមត្ថភាពចាប់យកឱកាស មានភាពប្រកួតប្រជែង មានភាពបត់បែន និងមានភាពធនលើគ្រប់វិស័យ ។
ក្នុងឱកាសនោះដែរ សម្តេចមហាបវរធិបតី បានបញ្ជាក់សារជាថ្មីជូនដល់ប្រជាពលដ្ឋ អំពីការប្រកាសបញ្ចប់ការចូលរួមរបស់កម្ពុជាក្នុងកិច្ចសហប្រតិបត្តិតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤ គឺដើម្បីការឯកភាពជាតិ ។ សម្តេច បានបញ្ជាក់ថា គោលដៅចម្បងនៃ (CLV-DTA) គឺការអភិវឌ្ឍតំបន់ប៉ែកឦសានរបស់កម្ពុជាឱ្យខេត្តនៅដាច់ស្រយាលមានភាពរីកចម្រើន ហើយទោះបីកិច្ចសហប្រតិបត្តិការនេះបានបញ្ចប់ ប៉ុន្តែការអភិវឌ្ឍខេត្តទាំង ៤ នៅតែបន្ត ជាមួយការធានាយ៉ាងម៉ឺងម៉ាត់ចំពោះការការពារបូរណភាពទឹកដី អធិបតេយ្យភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ៕
ដោយ៖ សិលា