ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ៤នាក់គប់គ្រាប់បែកកែច្នៃផ្ទុះផ្អើលពេញកាស៊ីណូនៅស្រុកលើកដែក

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿង បានប្រើកាំភ្លើងកែច្នៃបាញ់ទៅលើសន្តិសុខយាមកាមរងរបួសយ៉ាងដំណំ និងគប់គ្រាប់បែកកែច្នៃចំនួន១គ្រាប់បណ្ដាលឲ្យផ្ទុះផ្អើលពេញកាស៊ីណូ ។ ករណីនេះបានកើតឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១២និង៤៤នាទី នៅចំណុចកាស៊ីណូថ្មពេជ្រ ស្ថិតក្នុងភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល។        

មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចៅ រិន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល (រងរបួសស្មាដៃខាងឆ្វេងបន្តិច)។ ជនសង្ស័យចំនួន០៤នាក់មិនស្គាល់អត្តសញ្ញាណ ។

សម្ភារៈចាប់យករួមមាន ១.សំបកគ្រាប់ទំហំ ០៩មិល្លីម៉ែត្រចំនួន ០៧សំបកគ្រាប់។ ២.ដែកកេះប្រើហ្គាស រូបរាងជាគ្រាប់បែក និងគ្រឿងបង្គំបាក់បែក ០១សម្រាប់ ។ ៣.ក្បាលគ្រាប់ជ័រ ពណ៌ខ្មៅ ០១គ្រាប់ ។

ប្រភពដដែលបន្តថា នៅវេលាម៉ោងថ្ងៃកើតហេតុ មានជនសង្ស័យ០៤នាក់ មិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូ ០២គ្រឿង សង្ស័យម៉ូតូម៉ាកអិចសាយទ័រ ចូលមកខាងមុខកាស៊ីណូថ្មពេជ្រ ពេលនោះជនសង្ស័យ០២នាក់បានដកកាំភ្លើងខ្លីកែច្នៃចំនួន០២ដើមបាញ់ទៅលើសន្តិសុខ០៧គ្រាប់ បណ្ដាលឲ្យត្រូវជនរងគ្រោះ០១នាក់ ឈ្មោះ ចៅ រិន (ជាសន្តិសុខយាមខ្លោងទ្វារកាស៊ីណូ) ត្រូវចំស្មាខាងឆ្វេង ដាច់រលាត់ស្បែកចេញឈាម។ បន្ទាប់មកក៏បានគប់គ្រាប់បែកដៃ ( ជាប្រភេទគ្រាប់បែកដែកកេះ ) ចោលចូលទៅក្នុងបរិវេណកាស៊ីណូថ្មពេជ្រ រួចជនសង្ស័យបានរត់ឡើងជិះម៉ូតូ០២គ្រឿងគ្នា០៤នាក់ ចេញទៅក្រៅគេចខ្លួនបាត់។

បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវ និងបន្តតាមនីតិវិធី៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖