ភ្នំពេញ៖ ទីបំផុតនៅសប្តាហ៍ទី៧វគ្គ ជម្រុះ៣២នាក់ដំណាក់កាលទី១មានកីឡាករ២នាក់បន្ថែមទៀត គឺលីន វិបុល មកពី ក្លិបបុរីរាជសីហ៍មានប្ញទ្ធិ និង ពេជ្រ សាម៉ុន មកពីក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យមាន ឱកាសឡើងទៅវគ្គ១៦នាក់ដំណាក់កាល ទី២បន្តកាលពីល្ងាចថ្ងៃអាទិត្យ ទី១៤ ខែ សីហា ឆ្នាំ២០១៦ នៅលើសង្វៀន TIFFY ARINA ។
ដោយសារតែការប្រកួតនេះគណៈកម្មការរៀបចំការប្រកួតបានបង្កើតរូបមន្តឲ្យ កីឡាករដែលចូលរួមក្នុងកម្មវិធីកំពូលជើងឯក TV5 Knock Out មានរយៈពេលត្រឹម តែ៣ទឹកនោះទើបកីឡាករម្នាក់ៗបានព្យាយាមវាយសន្ធាប់ទៅលើដៃគូចាប់តាំងពី វិនាទីដំបូងដើម្បីសន្សំពិន្ទុនិងមានឱកាសឈ្នះលើគូប្រកួតរបស់ខ្លួន ។ ជាមួយនឹងស្នៀតប្រដាល់ដ៏ប៉ិនប្រសប់របស់កីឡាករ លីន វិបុល ដែលបានបើកការវាយសន្ធាប់ ខ្លាំងៗទៅកីឡាករ ថាន រ៉ាឌី មកពីក្លិប សម្រែករាជសីហ៍នោះទើបរូបគេទទួលបានជ័យជម្នះយ៉ាងប្រផុតប្រផើយ ។
ដោយឡែកជំនួបប្រកួតរវាងកីឡាករ ពេជ្រ សាម៉ុន នឹងកីឡាករ ថាំង ឌីណាមក ពីក្លិបអមតៈគុនខ្មែរខេត្តសៀមរាបបានធ្វើឲ្យទស្សនិកជនជក់ចិត្តមែនទែន ពីព្រោះ កីឡាករទាំង២នាក់នេះបានប្រើកណ្តាប់ដៃ និងស្នៀតជើងទាត់សម្រុក ខណៈដែលលោកអាជ្ញាកណ្តាលទម្លាក់ដៃចុះក្នុងទឹកទី១ ។ ការវាយបករបស់កីឡាករ ថាំង ឌីណា មកលើកីឡាករ ពេជ្រ សាម៉ុន ធ្វើឲ្យ សាម៉ុន ប្រឹងគេចហើយប្រើកណ្តាប់ដៃវាយសងទៅលើផ្ទៃមុខ ឌីណា បណ្តាលឲ្យដួល ជាច្រើនលើកច្រើនសារ ។
ទីបំផុតកីឡាករ ពេជ្រ សាម៉ុន និង កីឡាករ លីន វិបុល ត្រូវបានលោកអាជ្ញា កណ្តាលលើកដៃឲ្យឈ្នះគូប្រកួតរៀងៗ ខ្លួននិងទទួលបានសិទ្ធិឡើងទៅប្រកួតជុំទី២វគ្គជម្រុះ១៦នាក់ ។
បើយោងតាមរូបមន្តប្រកួតខាងលើកីឡាករទាំង២នាក់នេះទំនងត្រូវជួបគ្នានៅវគ្គ១៦នាក់ម្តងទៀត ដើម្បីទទួលបានសិទ្ធិឡើងទៅប្រកួតវគ្គ៨នាក់បន្តទៀត។ ចំពោះ គូឯកប្រចាំសប្តាហ៍វិញ កីឡាករ ឌុន រដ្ឋា មកពីអេភូថងកីឡា បានវាយឲ្យកីឡាករ យ៉ាម ខេមរា មកពីក្លិបរស្មីកុមារកំព្រាបោះ បង់ការប្រកួតក្នុងទឹកទី២ដោយមិនអាច តស៊ូនឹងស្នៀតជើងដ៏ធ្ងន់របស់ ឌុន រដ្ឋា បានក៏ត្រូវលោកអាជ្ញាកណ្តាលបញ្ឈប់តែម្តង ៕សារីម