ព័ត៌មានទាន់ហេតុការណ៍៖

លោក ស៊ុន ចាន់ថុល បញ្ជាក់ពីបទពិសោធន៍ជោគជ័យរបស់វិនិយោគិនកាណាដាដែលកំពុងមានវត្តមាននៅកម្ពុជា

ចែករំលែក៖

ម៉ុងត្រេអាល់ កាណាដា៖ ជួបពិភាក្សាតុមូលដែលមានការចូលរួមទាំងវិស័យរដ្ឋនិងឯកជននៃប្រទេសកម្ពុជានិងកាណាដា ដើម្បីចែករំលែកព័ត៌មានសក្ដានុពលក្នុងការវិនិយោគ និងស្ដាប់បទពិសោធន៍ជោគជ័យរបស់វិនិយោគិនកាណាដាដែលកំពុងមានវត្តមាននៅកម្ពុជា ។

សូមបញ្ជាក់ថា ៖ កាលពីព្រឹកថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤ (ម៉ោងនៅក្នុងតំបន់) លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជារួមមានអគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុងម៉ុងត្រេអាល់,តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងសមាគមឧកញ៉ាកម្ពុជា, តំណាងសភាពាណិជ្ជកម្មកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំតុមូលជាមួយ តំណាងរដ្ឋបាលខេត្តកេបិច, លោក Allan DeSousa អភិបាលតំបន់ Saint Laurent នៃក្រុងម៉ុងត្រេអាល់, និងធុរជនជាច្រើនរូប ក្រោមកិច្ចសហការរៀបចំពីសភាពាណិជ្ជកម្មកម្ពុជាប្រចាំក្រុងម៉ុងត្រេអាល់ និងអង្គភាព Investissement Québec International របស់កាណាដា។ 

ក្នុងជំនួបនាឱកាសនេះបានផ្ដល់លទ្ធភាពឱ្យវិនិយោគិនថ្មីៗជាច្រើន មកពីវិស័យជាអាទិភាពចំនួន៥ រួមមានកសិកម្មនិងកសិឧស្សាហកម្ម, ឱសថ, ថាមពលកកើតឡើងវិញ, ទេសចរណ៍, និងបច្ចេកវិទ្យា ព្រមទាំងថ្នាក់ដឹកនាំនៃខេត្តកេបិច បានជ្រាបកាន់តែច្បាស់បន្ថែមទៀតអំពីសក្ដានុពលវិនិយោគនៅកម្ពុជាតាមរយៈការធ្វើបទបង្ហាញពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ ព្រមទាំងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមបទបង្ហាញរបស់ថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ពិសេសជាងនេះ អ្នកចូលរួមក៏បានស្ដាប់អំពីបទពិសោធន៍ជោគជ័យនៃកិច្ចវិនិយោគនៅកម្ពុជា ដែលចែករំលែកដោយក្រុមហ៊ុនកាណាដាដែលកំពុងបណ្ដាក់ទុនវិនិយោគរាប់ពាន់លានដុល្លារអាម៉េរិកនៅកម្ពុជា។ 

បន្ទាប់ពីកិច្ចប្រជុំតុមូលដែលមានការចូលរួមចែករំលែកបទពិសោធន៍ពីវិស័យឯកជនរួចរាល់ តំណាងរដ្ឋបាលខេត្តកេបិចក្នុងនាមរដ្ឋាភិបាលកាណាដា និងតំណាងរដ្ឋាភិបាលកម្ពុជាបានបន្តកិច្ចពិភាក្សាទ្វេភាគី ដែលជាលទ្ធផលបានឯកភាពនឹងបន្តគាំទ្រគ្នាទៅវិញទៅមកលើការរៀបចំកិច្ចសហការនានាដើម្បីជំរុញកំណើនការវិនិយោគឯកជនរវាងប្រទេសទាំងពីរបានកាន់តែច្រើនបន្ថែមទៀត។ 

មុននឹងបញ្ចប់ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងសមគមឧកញ៉ាកម្ពុជា តំណាងដោយអ្នកឧកញ៉ា ហ៊ុន ឡាក់ ជាសមាជិកក្រុមប្រឹក្សាភិបាលនិងជាអគ្គលេខាធិការនៃសមាគម ជាមួយស្ថាប័ន Excellence Industrielle Saint-Laurent (FISL) របស់ខេត្តកេបិច តំណាងដោយលោក Allan DeSousa ជាអភិបាលតំបន់ Saint Laurent នៃក្រុងម៉ុងត្រេអាល់ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលដល់កិច្ចសហប្រតិបត្តិការនានា ក្នុងគោលដៅពង្រឹងការវិនិយោគទ្វេភាគី សម្របសម្រួលការផ្លាស់ប្តូរសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍគម្រោងអាជីវកម្មរួមគ្នារវាងតំបន់ Saint-Laurent នៃក្រុងម៉ុងត្រេអាល់ ខេត្តកេបិច ប្រទេសកាណាដា និងប្រទេសកម្ពុជាជារួម។ សូមជម្រាបជូនផងដែរថា នេះគឺជាអនុស្សារណៈទី៤ហើយដែលត្រូវបានចុះក្រោមអធិបិតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រីអំឡុងពេលបំពេញបេសកកម្មគោះទ្វារវិនិយោគក្នុងសហរដ្ឋអាម៉េរិក និងកាណាដានាឱកាសនេះ៕

ដោយ ៖ សិលា


ចែករំលែក៖