ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិការ U.N អំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការរួមចំណែកក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅទូទាំងពិភពលោក

ចែករំលែក៖

ទីក្រុងញូវយ៉ក ៖ ប្រភពពីក្រសួងការបរទេសកម្ពុជាបានចេញផ្សាយថា ក្នុងឱកាសអញ្ជើញចូលរួម ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ លោក António Guterres អគ្គលេខាធិការ អង្គការសហ ប្រជាជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមុិញ។

លោកឧបនាយករដ្ឋមន្ត្រី  បានជម្រាបជូនថា ព្រះរាជាណាចក្រកម្ពុជាមានក្តីសោមនស្សរីករាយទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចចំនួន៤ របស់អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ក្នុងចន្លោះខែឧសភា និងខែកក្កដា ឆ្នាំ២០២៤។ ទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ។

បន្ថែមលើនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនថា ថ្វីត្បិតតែកម្ពុជាជាប្រទេសតូច និងធ្លាប់ឆ្លងកាត់សោកនាដកម្មនៃសង្គ្រាមរាំរ៉ៃជាច្រើនទសវត្សរ៍ក៏ដោយ កម្ពុ ជាបច្ចុប្បន្ននេះមាន មោទនភាពដែល បានចូលរួមបញ្ជូនកងកម្លាំងក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

លោកអគ្គលេខាធិការ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចំពោះការរួមចំណែកយ៉ាងសំខាន់របស់កម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅទូទាំងពិភពលោក។

លោកអគ្គលេខាធិការ ក៏បានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជានិងអង្គការសហប្រជាជាតិក្នុងវិស័យជាច្រើនផ្សេងទៀត និងបានកោតសរសើរកម្ពុជាចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច គួរឱ្យកត់សម្គាល់។ 

ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកផងដែរលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម និងបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការនេះ៕

ប្រភព ៖ «CCFR China state-controlled media »


ចែករំលែក៖