ព័ត៌មានទាន់ហេតុការណ៍៖

លោកផ្កាយ១ កុយ សុវណ្ណ និងបក្ខពួកអាងអំណាចរំលោភយកដីអ្នកស្រីបូ សេរីរ័ត្ន ដែលមានលិខិត ផ្ទេរសិទ្ធិកាន់កាប់ដីធ្លីត្រឹមត្រូវ

ចែករំលែក៖

ភ្នំពេញ៖ អ្នកស្រី បូ សេរីរ័ត្ន មានទីលំនៅភូមិព្រែកគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តបន្ទាយ មានជ័យ ដែលជាម្ចាស់ដីពិតប្រាកដលើលិខិតកាន់កាប់ដីធ្លី ទទួលស្គាល់ពីអាជ្ញាធរបានចោទប្រកាន់ទៅ លើលោកផ្កាយ១ កុយ សុវណ្ណ និងបក្ខពួក ព្រមទាំងម្តាយរបស់គាត់ផងដែល គឺអ្នកស្រី កង សាវ៉េត បានរំលោភយកដីរបស់គាត់ ក្នុងទំហំ២០ម៉ែត្រគុណ៤០ម៉ែត្រ ឋិតនៅភូមិព្រែកគុយ សង្កាត់អំពិល ក្រុង សៀមរាប ដោយបំពានច្បាប់ ។

អ្នកស្រី បូ សេរីរ័ត្ន បានបញ្ជាក់យ៉ាងលម្អិតថា កាលពីអំឡុងឆ្នាំ២០១៤ ឈ្មោះកុយ សុវណ្ណ និងបក្ខពួក បានសមគំនិតរំលោភយកដីរបស់ខ្លួន រួចក្លែងឯកសារធ្វើជាម្ចាស់កម្មសិទ្ធិលក់ទៅឲ្យអ្នកដទៃ និងបំពានលើសាលក្រមព្រហ្មទណ្ឌលេខ៣៤«ខ» ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០១១ សាលាដំបូងខេត្ត សៀមរាបដែលបញ្ជាក់យ៉ាងច្បាស់ថា ដីដែលឈ្មោះ ឡាម មករា ដាក់ធានាជាមួយឈ្មោះកង សាវ៉េត ជាឯកសារក្លែងក្លាយ ។ តាមការបញ្ជាក់របស់ជនជាប់ចោទឈ្មោះ ជួន ឆូយ សាក្សីឈ្មោះប៉ាត កឹក ជា ប្រធានភូមិព្រៃកុយ បញ្ជាក់ថា លោកមេឃុំ ណុប កាន បានទទួលមរណភាពតាំងពីឆ្នាំ២០០៨ ប៉ុន្តែ ឈ្មោះឡាម មករា បានធ្វើលិខិតកាន់កាប់ដីទៅឲ្យឈ្មោះកង សាវ៉េត នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០០៩ ចុះ ហត្ថលេខាដោយមេឃុំ ណុប កានទៅវិញ ។ នេះបញ្ជាក់ថា ជនជាប់ចោទបានធ្វើឯកសារក្លែងបន្លំ ហត្ថលេខារបស់មេឃុំណុប កាន យកទៅប្រើប្រាស់ ហើយបានយកឯកសារក្លែងបន្លំនោះទៅធ្វើ ជាបន្ទាល់អះអាងថាជាមួយជនរងគ្រោះកង សាវ៉េត ដើម្បីខ្ចីប្រាក់ពីឈ្មោះ៉កង សាវ៉េតថែមទៀត ។

គួររំឭកថា ដើមហេតុដំបូងគឺឈ្មោះឡាម មករា ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាបបានទៅខ្ចីប៊ុលប្រាក់ពីឈ្មោះកង សាវ៉េត ភេទស្រី អាយុ៥៦ឆ្នាំ រស់ នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដោយយកប្លង់ដីមួយកន្លែង ឋិតនៅ ភូមិព្រៃកុយ សង្កាត់អំពិល ក្រុង-ខេត្តសៀមរាបទៅដាក់ធានា ។ ប៉ុន្តែលិខិតកាន់កាប់ដីធ្លីដែលដាក់ធានា សម្រាប់ខ្ចីលុយអ្នកស្រីកង សាវ៉េត គឺជាឯកសារក្លែងក្លាយបន្លំ ត្រូវបានស៊ើបអង្កេតដឹងស្របពេលដែល ឈ្មោះឡាម មករា គ្មានប្រាក់សង ក៏ខ្ចីបន្ថែមរួចផ្ទេរកម្មសិទ្ធិប្រគល់ដីនេះទៅឲ្យកង សាវ៉េត ទើបដឹងថា សុទ្ធតែជាឯកសារក្លែងក្លាយ ។

អ្នកស្រី បូ សេរីរ័ត្នបានបញ្ជាក់ថា ទាំងអ្នកស្រីកង សាវ៉េត និងលោក កុយ សុវណ្ណ ដឹងហើយថា នឹងមានសាលក្រមពីតុលាការទៀត ត្រូវបានដាក់និរាករណ៍ទៅលើលិខិតកាន់កាប់ដីធ្លី ដែលឈ្មោះ ឡាម មករា ប្រើប្រាស់លិខិតក្លែងផ្ទេរមកឲ្យគាត់ កង សាវ៉េត ដាក់អាស័យដ្ឋានមកជាន់ដីកម្មសិទ្ធិស្រប ច្បាប់របស់អ្នកស្រីនោះហើយ ប៉ុន្តែលោក កុយ សុវណ្ណ និងម្តាយរបស់គាត់នៅតែបន្តរំលោភយកដីរបស់ គាត់ទាំងបំពាន ។ អ្នកស្រីបន្តថា នៅក្នុងឯកសារកាន់កាប់ដីធ្លីរបស់គាត់គឺមានចុះលេខត្រឹមត្រូវពីអ្នក ណាទៅណាអ្នក ផ្ទេរសិទ្ធិពីឆ្នាំណាទៅឆ្នាំណា លើទំហំដី និងអាស្រ័យដ្ឋានពិតប្រាកដ ។ ដោយឡែក ចំពោះដីលោក កុយ សុវណ្ណ និងអ្នកស្រីកង សាវ៉េត មានតែលិខិតផ្ទេរសិទ្ធក្លែងក្លាយ គ្មានគល់បញ្ជីនៅ អាជ្ញាធរ ហើយរឿងដីក្លែងបន្លំនេះ ក៏ត្រូវបានអាជ្ញាធរឆ្លើយបំភ្លឺទៅនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងដូចជាសាក្សីជាច្រើននាក់នោះក៏ដោយ ក៏អ្នកទាំង២ប្រើប្រាស់អំណាច ជះទឹកលុយ សមគំនិតគ្នា កំពុងព្យាយាមធ្វើលិខិត ដើម្បីកាន់កាប់ដីធ្លីមកលើដីកម្មសិទ្ធិរបស់អ្នកស្រី ។ ដូច្នេះខាងតុលាការដែល តែងតែកោះហៅអ្នកស្រីទៅឆ្លើយបំភ្លឺជាញឹកញាប់ ពាក់ព័ន្ធនឹងបណ្តឹងរបស់កុយ សុវណ្ណ និងអ្នកស្រី កង សាវ៉េត ហេតុអ្វីក៏មិនបានពិនិត្យទៅលើឯកសារកាន់កាប់ ផ្ទេរសិទ្ធិ ដើម្បីផ្តល់ភាពយុត្តិធម៌ឲ្យអ្នកស្រី?
អ្នកស្រី បូ សេរីរ័ត្នបានសំណូមពរឲ្យលោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត សៀមរាប មេត្តាជួយផ្តល់យុត្តិធម៌ឲ្យប្រជាពលរដ្ឋ ដែលជាកូនចៅរស់នៅកាន់កាប់លើដីពិតប្រាកដនោះ ផង ។ ពីព្រោះថា មួយរយៈនេះលោកកុយ សុវណ្ណ និងអ្នកស្រីកង សាវ៉េតពោលពេញដោយអំណាចនិង ទឹកលុយកំពុងព្យាយាមរៀបចំឯកសារពីសទៅខ្មៅ ប្រយោជន៍រំលោភយកដីស្របច្បាប់របស់អ្នកស្រី ។

ម្យ៉ាងទៀតកន្លងទៅ បើទោះជាអ្នកស្រីមានសិទ្ធិកាន់កាប់ដីស្របច្បាប់ក៏ដោយ មិនដឹងជាលោកកុយ សុវណ្ណ និងអ្នកស្រីកង សាវ៉េត មានឥទ្ធិពល ចេះតែរកវិធីគ្រប់បែបយ៉ាងរារាំងទៅនឹងការគ្រប់គ្រដីស្រប ច្បាប់ ។ ដែលករណីខ្លះបែរជាខាងអាជ្ញាធរអក្សរាយកលេសថា ដីនេះឋិតនៅក្រោមការគ្រប់គ្រងរបស់ អាជ្ញាធរអប្សរា ដោយមិនសមហេតុផល ខណៈដីនៅជាប់គ្នាក្នុងឡូត៍ជាមួយគ្នា មិនពាក់ព័ន្ធអាជ្ញាធរ អប្សរា ខុសអីតែដីអ្នកស្រីម្នាក់? ទីបំផុតនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានចេញអនុ ក្រិត្យលេខ១៥៨ អនក្របក ស្តីពីការធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋដែលបានកាន់កាប់ប្រើ ប្រាស់និងដាំដុះជាក់ស្តែងនៅក្នុងបុរី សណ្ឋាគារអង្គរសៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ទើបខាង អាជ្ញាធរមិនលើកពីបញ្ហាដីអាជ្្ញាធរអប្សរា ។

គួររំឭថា ពាក់ព័ន្ធទៅនឹងដីរបស់អ្នកស្រីគឺមានសាក្សីជាច្រើននាក់ជាមួយនឹងអាជ្ញាធរផងដែរ ដឹងឮនិងស្គាល់ប្រវត្តិដី ពិសេសខាងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ក៏បានចុះទៅស៊ើបអង្កេត យោងតាមបណ្តឹងអ្នកស្រី បូ សេរីរ័ត្ន ស៊ើបអង្កេតដឹងយ៉ាងពិតប្រាកដ ដោយបញ្ជាក់ថា ឆ្លងតាមការស្រាវ ជ្រាវ ស្តាប់ការបំភ្លឺដើមបណ្តឹង បំភ្លឺសាក្សី ចម្លើយចុងបណ្តឹង និងបានចុះពិនិត្យមើលការចង្អុលបង្ហាញពី ទីតាំងផ្ទាល់របស់ឈ្មោះ បូ សេរីរ័ត្ន ចំពោះឈ្មោះ កុយ សុវណ្ណអវត្តមានមិនបានចុះទៅបង្ហាញទីតាំងដូច ការអះអាងរបស់ខ្លួនទេ សមត្ថកិច្ចបានសន្និដ្ឋានថា ឈ្មោះកង សាវ៉េត ដែលត្រូវជាម្តាយលោកផ្កាយ១ កុយ សុវណ្ណ ពិតជាបានរំលោភយកអចលនទ្រព្យរបស់ឈ្មោះ បូ សេរីរ័ត្ន ផ្ទេរសិទ្ធិទៅឲ្យឈ្មោះកុយ សុវណ្ណ ពិតប្រាកដមែន ។

តាមពិតទៅប្រជាពលរដ្ឋងាយនឹងរងគ្រោះ បាត់បង់ដីធ្លី ដោយសារតែករណីខ្លះកើតឡើងដោយ អាជ្ញាធរមូលដ្ឋានឃុបឃិតជាមួយឈ្មួញ អ្នកមានប្រាក់កាសខ្លះទៀតសមគំនិតគ្នាក្លែងលិខិត ដែល ចំណុចទាំងអស់នេះគួរណាស់តែអាជ្ញាធរ ពិសេសខាងភូមិបាលក្រុង-ខេត្តសៀមរាបមេត្តាពិនិត្យឲ្យបានដិតដល់ ចៀសវាង អ្នកក្រក្លាយជាជនរងគ្រោះ អ្នកមាន អ្នកធំ អ្នកអាងខ្នង បុណ្យស័ក្តិធ្វើអី្វមិនចេះខុសនោះ ។

ពាក់ព័ន្ធករណីនេះ មិនអាចទាក់ទងបានទេពីលោកផ្កាយ១កុយ សុវណ្ណ ក៏ដូចជាអ្នកស្រីកង សាវ៉េត កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ដោយគ្មានលេខទូរស័ព្ទ បន្ទាប់ពីមានការលើកឡើង ពីអ្នកស្រី បូ សេរីរ័ត្នថា ពួកគាត់បានរំលោភយកដីស្របច្បាប់របស់អ្នកស្រីនោះ ៕ ចេស្តា


ចែករំលែក៖